បរទេស ៖ ប្រទេសចិនបានចាប់ផ្តើមបង្ហូរទឹកពីទំនប់វារីអគ្គិសនីខាងលើចូលទន្លេ Lo គិតត្រឹមម៉ោង ២ រសៀល។ កាលពីថ្ងៃពុធ ដែលមន្ត្រីកសិកម្ម វៀតណាមបាននិយាយថា នឹងមិនប៉ះពាល់ខ្លាំង ដល់តំបន់ខាងក្រោមទឹក ក្នុងប្រទេសវៀតណាមទេ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានកត់សម្គាល់ថា ប្រទេសចិន បានផ្តល់ការជូនដំណឹងជាមុនដល់ វៀតណាមសម្រាប់វិធានការត្រៀមរៀបចំសមស្រប។ លោកបានបន្ថែមថា ជាមួយនឹងអត្រាបញ្ចេញទឹក ២៥០ ម៉ែត្រគូបក្នុងមួយវិនាទី ការបញ្ចេញទឹកទំនង ជាមិនបង្កឱ្យមានការជន់លិចខ្លាំង នៅតំបន់ខាងក្រោមនៃប្រទេសវៀតណាមនោះទេ ។
លោកបាននិយាយថា នៅពេលដែលអាងស្តុកទឹកវារីអគ្គិសនី Hoa Binh នៅខេត្ត Hoa Binh ភាគខាងជើងបានបញ្ចេញក្នុងអត្រា ១.៨០០ ម៉ែត្រគូបក្នុងមួយវិនាទី ការហូរចេញពីប្រទេសចិននាពេលបច្ចុប្បន្ននេះគឺមានកម្រិតតិចតួច។
កាលពីព្រឹកថ្ងៃពុធ គណៈកម្មាធិការ ប្រជាជននៃខេត្ត Ha Giang ដែលស្ថិតក្នុងចំណោមតំបន់ដែលទន្លេ Lo ហូរកាត់បានចេញសេចក្តីប្រកាស ស្តីពីការឆ្លើយតបយ៉ាងសកម្ម ចំពោះផលប៉ះពាល់ដែលអាចកើតមាន នៃការបញ្ចេញទឹករបស់ប្រទេសចិន។
ដើម្បីកាត់បន្ថយការ ខូចខាតពីទឹកជំនន់ដែលអាចកើតមាន ដោយសារការកើនឡើងនៃលំហូរទឹក គណៈកម្មាធិការបានណែនាំ ដល់អាជ្ញាធរមូលដ្ឋាន នៅតំបន់ ដែលរងផលប៉ះពាល់ តាមដានយ៉ាងដិតដល់នូវបច្ចុប្បន្នភាពទឹកជំនន់ និងអនុវត្តផែនការឆ្លើយតបគ្រោះមហន្តរាយ។
តំបន់ភាគខាងជើងនៃប្រទេសវៀតណាម បាននិងកំពុងដោះស្រាយ ជាមួយនឹងទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះទីហ្វុង Yagi ដែលបានបោកបក់កាលពីថ្ងៃសៅរ៍ ៕
ប្រែសម្រួលៈ ណៃ តុលា