សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគ ខាងកើតរបស់ខ្លួន ដែលនេះជាការបាញ់លើកដំបូង របស់ខ្លួនក្នុងរយៈពេលជាង២ខែមកនេះ ។
ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា គ្រាប់មីស៊ីលដែលគេជឿថា ជាមីស៊ីលផ្លោងដែលបាញ់ចេញពីប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះរួចទៅហើយ ។
ទីភ្នាក់ងារព័ត៌មានក្យូដូ របស់ប្រទេសជប៉ុន បានរាយការណ៍ឲ្យដឹង ដោយបានដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុនថា មិនមានរបាយការណ៍ណាមួយ អំពីការខូចខាតដោយសារគ្រាប់មីស៊ីល ដែលសង្ស័យនោះឡើយ ។
គួររំលឹកថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលជាលើកចុងក្រោយ កាលពីថ្ងៃទី១ កក្កដា នៅគ្រានោះដែលប្រទេសនេះបានអះអាងថា បានសាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មី ដែលអាចផ្ទុកក្បាលគ្រាប់ធុនធំ ដែលមានទម្ងន់៤,៥តោន ។
ប្រទេសឯកោមួយនេះក៏បានបញ្ជូនបាល់ឡុងហោះដែលផ្ទុកទៅដោយសំរាមឆ្លងកាត់ព្រំដែនទៅភាគខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ ដែលជាយុទ្ធនាការមួយបានចាប់ផ្តើម កាលពីខែឧសភា ដែលជាការសងសឹកចំពោះខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង ដែលបានបង្ហោះចូលទៅក្នុងប្រទេស ដោយប្រើប្រាស់ដោយសកម្មជនរបស់កូរ៉េខាងត្បូង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា