បរទេស៖ ខេត្តឈៀងរ៉ៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នៃខេត្តភាគខាងជើងរបស់ប្រទេសថៃ ឥឡូវនេះត្រូវបានជន់លិច ដោយទឹកបានជន់លិចដល់កម្រិតត្រឹមចង្កេះ និងបន្តកើនឡើងដោយសារតែ ទឹកទន្លេកុកហូរហៀរ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមមន្ត្រីបានប្រកាសបិទផ្លូវថ្នល់ និងស្ពាននៅក្នុងស្រុក មួង នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយប៉ះពាល់ដល់ការចូលទៅកាន់ទីតាំងសំខាន់ៗ រួមមានអាកាសយានដ្ឋានអន្តរជាតិ Mae Fah Luang Chiang Rai , ផ្លូវបំបែកជាប្រាំ Pho Khun និងសាលាខេត្ត។
ការជម្លៀសក៏បានចាប់ផ្តើមហើយដែរ កាលពីយប់ថ្ងៃពុធ ដោយសារអ្នកស្រុកមិនអាច ស្នាក់នៅផ្ទះជាន់ផ្ទាល់ដីបាន ដោយសារមានចរន្តទឹកខ្លាំង។ ខាងផ្លូវទឹក Jet skis ត្រូវបានគេដាក់ពង្រាយដើម្បីជួយជម្លៀស អ្នកដែលជាប់ដោយទឹកជំនន់ដែលហូរលឿន។
អាកាសយានដ្ឋានអន្តរជាតិ Mae Fah Luang Chiang Rai បានបញ្ជាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការកំពុងដំណើរការ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នីមួយៗ កំពុងសម្រេចចិត្តលើស្ថានភាពនៃ ជើងហោះហើរដែលបានកំណត់ពេល។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air និង Lion Air បានលុបចោលជើងហោះហើរទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិ Mae Fah Luang Chiang Rai កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានប្រកាសថា អ្នកដំណើរអាចផ្លាស់ប្តូរកាលបរិច្ឆេទ ហោះហើរដោយមិនគិតថ្លៃសេវា ឬថ្លៃបន្ថែម។
មន្ទីរពេទ្យ Chiangrai Prachanukroh ក្នុងស្រុក មួង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនព្យាបាលសម្រាប់តែករណី សង្គ្រោះបន្ទាន់នៅពេលនេះប៉ុណ្ណោះ ៕
ប្រែសម្រួលៈ ណៃ តុលា