ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកណ្តាលទទួលបន្ទុកកិច្ចការបរទេសបានឲ្យដឹងនៅក្នុងជំនួបជាមួយលោក Celso Amorim ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីប្រេស៊ីល នៅក្នុងទីក្រុង St. Petersburg កាលពីថ្ងៃពុធ។
ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ BRICS ដែលទទួលខុសត្រូវលើបញ្ហាសន្តិសុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក វ៉ាង យី ក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានកត់សម្គាល់ថា ប្រទេសចិន និងប្រេស៊ីល គឺជាកម្លាំងស្ថិរភាពដ៏សំខាន់ និងប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗ ហើយនឹងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់ពិភពលោក។
លោកបានលើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសប្រេស៊ីល ធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតខ្ពស់ថ្មី។
សម្រាប់ផ្នែករបស់លោកវិញ លោក Amorim បានបញ្ជាក់ថា ប្រទេសប្រេស៊ីល និងប្រទេសចិនបានរក្សាទំនាក់ទំនងជិតស្និទ្ធ ការពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងការសហការប្រកបដោយប្រសិទ្ធភាព៕
ប្រែសម្រួល ឈូក បូរ៉ា