ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បញ្ជាក់​ជាថ្មី​អំពី​ការ​ត្រៀម​ខ្លួន ​សម្រាប់​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ដោយ​ផ្អែក​លើ​សំណើ​របស់​អាមេរិក

afp

ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយផ្អែកលើសំណើរបស់សហរដ្ឋអាមេរិក ហើយបានច្រានចោលលក្ខខណ្ឌថ្មីលើកិច្ចព្រមព្រៀងនេះពីភាគីណាមួយ។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រទេសកាតា និងក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីបនៅទីក្រុងដូហា គណៈប្រតិភូចរចារបស់ក្រុមហាម៉ាស់ បានសម្តែងនូវ “ភាពវិជ្ជមានបន្ត និងភាពបត់បែន” របស់ខ្លួនក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប។ 

ពួកគេបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការដកកងទ័ពអ៊ីស្រាអែលចេញពីទឹកដីទាំងមូលនៃតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រុមហាម៉ាស់។

ក្រុមហាម៉ាស់ក៏បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងហ្គាហ្សាស្ទ្រីប គឺជាកិច្ចការផ្ទៃក្នុងរបស់ប៉ាឡេស្ទីនជាមួយនឹងចក្ខុវិស័យប៉ាឡេស្ទីនដែលបានព្រមព្រៀងគ្នា។  សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ក្រុមហាម៉ាស់ ស្វាគមន៍ចំពោះការរៀបចំកិច្ចសន្ទនាថ្នាក់ជាតិជាមួយបក្សពួក និងកងកម្លាំងប៉ាឡេស្ទីនទាំងអស់ ដើម្បីយល់ព្រមលើចក្ខុវិស័យជាតិបែបនេះ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលការចរចាសម្របសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានជាប់គាំង។ ទោះបីជាមានការជំទាស់ពីអេហ្ស៊ីប និងក្រុមហាម៉ាស់ក៏ដោយ អ៊ីស្រាអែល នៅតែទទូចឱ្យរក្សាកងកម្លាំងរបស់ខ្លួននៅក្នុងច្រករបៀង Philadelphia ដែលជាតំបន់ការពារមានទទឹង ១០០ម៉ែត្រ និងបណ្តោយ ១៤គីឡូម៉ែត្រ តាមបណ្តោយព្រំដែនអេហ្ស៊ីប-ហ្គាហ្សា។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញសំណើបីដំណាក់កាលនៅចុងខែឧសភា ដោយសង្ឃឹមថា វានឹងនាំទៅដល់ការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ដែលកំពុងបន្ត និងការដោះលែងចំណាប់ខ្មាំងទាំងអស់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top