ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវគេប្លន់ និងចាប់រំលោភ ក្នុងរថយន្តតាក់ស៊ីរបស់ Grab

AFP

បរទេស៖ និយតករហ្វីលីពីន បានបើកការស៊ើបអង្កេត លើករណីប្លន់ និងរំលោភផ្លូវភេទ របស់អ្នកដស្ត្រីជនជាតិ វៀតណាមម្នាក់ ដែលបានកក់ជិះរថយន្តតាក់ស៊ី Grab ដោយប្រើកម្មវិធី app។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Philippine News Agency បានដកស្រង់សម្តីប្រធានទីភ្នាក់ងារ Teofilo Guadiz III ដែលបាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាគ្រប់គ្រងសិទ្ធិចែកចាយ និងដឹកជញ្ជូនតាមផ្លូវគោក របស់ប្រទេសហ្វីលីពីន បានស្នើសុំឱ្យក្រុមហ៊ុន ពន្យល់ពីឧប្បត្តិហេតុនេះ ហើយផ្តល់ពេលប្រាំថ្ងៃ ដើម្បីអនុវត្តតាម។ ប្រសិនបើរកឃើញថា មានការធ្វេសប្រហែស ក្រុមហ៊ុនអាចនឹង ត្រូវផ្អាកយ៉ាងហោចណាស់ ៣០ ថ្ងៃ និងប្រឈមនឹងការផាកពិន័យ ។

អំពើ​ប្លន់​និង​រំលោភ​ផ្លូវភេទ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា នៅ​ពេល​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​កក់​តាមកម្មវិធី App ជិះ​រថយន្ត​នៅទីក្រុង Parañaque ។ ក្នុងអំឡុងពេលជិះ អ្នកបើកបរ ត្រូវបានគេរាយការណ៍ថា បានអនុញ្ញាត ឱ្យអ្នកដំណើរម្នាក់ទៀត ឡើងលើរថយន្ត នេះបើយោងតាមសារព័ត៌មាន ABS-CBN ។

បន្ទាប់មក អ្នកដំណើរម្នាក់នេះ ត្រូវបានគេរាយការណ៍ថា បានយកទូរស័ព្ទ និង លុយរបស់ស្រ្តីនោះ ដែលមានចំនួន ៣៥.០០០ ប៉េសូហ្វីលីពីន (៦២៣ ដុល្លារអាមេរិក) មុនពេលចាប់រំលោភនាង នៅខាងក្នុងរថយន្ត។ អ្នក​បើក​បរ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ។

Bloomberg បានរាយការណ៍ថា អង្គភាពរបស់ Grab នៅហ្វីលីពីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកបើកបរ ដែលពាក់ព័ន្ធ នឹងករណីនេះ ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពីវេទិកា ។ វាបានទាក់ទងទៅជនរងគ្រោះ ដើម្បីផ្តល់ជំនួយ ហើយនឹងសហការ យ៉ាងពេញ លេញ ជាមួយប៉ូលីសហ្វីលីពីន ក្នុងការស៊ើបអង្កេតនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top