ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស​មហាអំណាច​លោកខាងលិច ​ចំពោះ​ទណ្ឌកម្ម​ថ្មី ជុំវិញ​ការ​នាំចេញ​មីស៊ីលទៅ​កាន់រុស្ស៊ី

AFP

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានថ្កោលទោសសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ ចំពោះការដាក់ទណ្ឌកម្មថ្មីលើទីក្រុងតេអេរ៉ង់ ជុំវិញការចោទប្រកាន់ថា ការលក់យន្តហោះដ្រូន និងមីស៊ីលទៅឱ្យប្រទេសរុស្ស៊ី។

ការកត់សម្គាល់របស់លោក Araghchi បានធ្វើឡើងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសការនាំចេញមីស៊ីលរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ក៏បានប្រកាសផងដែរអំពីផែនការលុបចោលកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសទ្វេភាគីជាមួយទីក្រុងតេអេរ៉ង់ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ង់ Iran Air ។

សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មថ្មីផងដែរកាលពីថ្ងៃអង្គារលើបុគ្គល និងអង្គភាពនានាក្នុងប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី រួមទាំងក្រុមហ៊ុន Iran Air ជុំវិញការចោទប្រកាន់ថា បានលក់យន្តហោះដ្រូន និងមីស៊ីលទៅឱ្យប្រទេសរុស្ស៊ី។

លោក Araghchi បានរិះគន់ការដាក់ទណ្ឌកម្មនេះថា ផ្អែកលើ “ការស៊ើបការណ៍សម្ងាត់ និងតក្កវិជ្ជាខុសឆ្គង” ដោយអះអាងថា “អ៊ីរ៉ង់មិនបានបញ្ជូនមីស៊ីលផ្លោងទៅឱ្យរុស្ស៊ីនោះទេ។

លោកបានពណ៌នាបន្ថែមទៀតថាការដាក់ទណ្ឌកម្មទាំងនោះ ដូចទៅនឹង “អ្នកញៀនទណ្ឌកម្ម” ដោយបន្ថែមថា “ទណ្ឌកម្មមិនមែនជាដំណោះស្រាយនោះទេ ប៉ុន្តែជាផ្នែកនៃបញ្ហា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top