ព័ត៌មានអន្តរជាតិ

Update: អ៊ីរ៉ង់ កោះហៅបេសកជន ៤ប្រទេសរបស់អឺរ៉ុប មកបំភ្លឺ ជុំវិញការចោទប្រកាន់ មកលើទីក្រុង តេហេរ៉ង់ថា បានផ្គត់ផ្គង់មីស៊ីលឱ្យរុស្ស៊ី ប្រឆាំងអ៊ុយក្រែន

AFP

បរទេស៖ រដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានកោះហៅបេសកជន ៤ប្រទេស រួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ និងហូឡង់ ជុំវិញការចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់ មីស៊ីលផ្លោងរយៈចម្ងាយខ្លីដល់រុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំង នឹងអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា ក្រសួងការបរទេស របស់ប្រទេសនេះ បានកោះហៅបេសកជន ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីថ្កោលទោសយ៉ាងខ្លាំង ចំពោះការចោទប្រកាន់នេះ។

IRNA បានផ្សាយថា ក្រសួងក៏បានថ្កោលទោស ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ផងដែរចំពោះការចេញ សេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយបានហៅវាថាជា “សេចក្តីថ្លែងការណ៍មិនសន្មត និងមិនស្ថាបនា”។

សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ គឺបានថ្កោលទោសការផ្ទេរមីស៊ីល ដែលត្រូវបានចោទប្រកាន់ដោយហៅវាថាជា “ការកើនឡើងភាពតានតឹង ដោយអ៊ីរ៉ង់និងរុស្ស៊ី” និង “ការគំរាមកំហែង ដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុប” ។

ប្រទេសទាំងបីក៏ បានប្រកាសដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការលុបចោល កិច្ចព្រមព្រៀង សេវាកម្មផ្លូវអាកាស ជាមួយអ៊ីរ៉ង់ ដែលនឹងរឹតបន្តឹងសមត្ថភាពហោះហើររបស់ Iran Air ទៅកាន់ចក្រភពអង់គ្លេស និងអឺរ៉ុប ថែមទៀតផង ។

IRNA បានផ្សាយទៀតថា ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់ប្រេសិតប្រទេស ទាំងនោះថា ការទទូចរបស់ពួកគេ ក្នុងការទទួលយកមុខតំណែងបែបនេះ ត្រូវបានគេមើលឃើញថាជាផ្នែកមួយ នៃគោលនយោបាយអរិភាព ដែលកំពុងបន្តរបស់បស្ចិមប្រទេស ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ ។ សកម្មភាព​នេះ​នឹង​ត្រូវ​ “ឆ្លើយតប​សមស្រប​ពី​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់”វិញ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top