ម៉ូស្គូ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានថា តាមរយៈការផ្តល់ឱ្យអ៊ុយក្រែន នូវអាវុធដែល បាញ់ក្នុងរយៈចម្ងាយឆ្ងាយពី បណ្តាប្រទេសលោកខាងលិច គឺជាការប្រថុយប្រថាន នឹងការជាប់ពាក់ព័ន្ធ ដោយផ្ទាល់នៅក្នុងជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។
នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសរុស្ស៊ី នឹងត្រូវបង្ខំចិត្តឱ្យធ្វើ “ការសម្រេចចិត្តដ៏សមស្របមួយ” ដោយផ្អែកលើការគំរាមកំហែង កាលពីពេលថ្មីនេះ ។ លោក ពូទីន ត្រូវបានសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តី ដែលបានថ្លែងយ៉ាងដូច្នេះ ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានកំពុងអង្វរដល់សម្ព័ន្ធមិត្តលោកខាងលិចឱ្យប្រើមីស៊ីលរបស់ខ្លួន រួមទាំងមីស៊ីលបាញ់បានរយៈចម្ងាយឆ្ងាយផងដែរ ដើម្បីបាញ់ចូលដល់ទឹកដីរបស់រុស្ស៊ី បានកាន់យ៉ាងជ្រៅ ។
លោក ពូទីន បានប្រាប់ដល់ទូរទស្សន៍រដ្ឋរុស្ស៊ី ថា “តាមពិតទៅ មានតែអ្នកបម្រើមកពីប្រទេសសមាជិកអង្គការ NATO តែប៉ុណ្ណោះដែលអាចធ្វើការបាញ់ប្រព័ន្ធមីស៊ីលទាំងនេះបាន ។ សម្រាប់អ៊ុយក្រែន វិញនោះគឺមិនអាចធ្វើដូច្នេះបានឡើយ” ។
លោកបានសង្កត់ធ្ងន់ថា “ដូច្នេះនេះមិនមែនជាសំណួរ នៃការអនុញ្ញាតឱ្យរបប អ៊ុយក្រែន វាយប្រហារមកលើរុស្ស៊ី ដោយអាវុធទាំងនេះឬអត់នោះទេ ។ វាគឺជាសំណួរ នៃការសម្រេចចិត្ត ថាតើ ប្រទេសសមាជិកអង្គការ NATO ពាក់ព័ន្ធដោយផ្ទាល់នៅក្នុង ជម្លោះយោធាឬអត់” ។
លោកបានថ្លែងថា “ប្រសិនបើការសម្រេចចិត្តនេះ ត្រូវបានគេយកទៅអនុវត្តន៍មែននោះ វានឹងគ្មានន័យអ្វីក្រៅពីការ ចូលរួមដោយផ្ទាល់ពីបណ្តាប្រទេស សមាជិករបស់អង្គការ NATO ដែលមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអ៊ឺរ៉ុប នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា