ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យប្រទេសនានា រួមគ្នាខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ខណៈដែលពិភពលោកកំពុងស្ថិត ក្នុងពេលវេលានៃការផ្លាស់ប្តូរ ។
នៅក្នុងសុន្ទរកថាសំខាន់របស់លោក ដែលបានថ្លែងនៅក្នុងពិធីបើកវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី១១ លោក Dong បានអំពាវនាវឱ្យសមាជិកនៃសង្គមអន្តរជាតិ បង្ហាញការគោរពគ្នាទៅវិញទៅមក ប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ និងស្វែងរកហេតុផលរួម ខណៈពេលដែលរក្សាភាពខុសគ្នា។
លោកបានលើកឡើងថា ទន្ទឹមនឹងនោះ ពួកគេគួរតែបើកទូលាយ និងរួមបញ្ចូល ចូលរួមកិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងអស់ និងធ្វើការរួមគ្នាដើម្បីសម្រេចបាន ការរួមរស់ដោយសន្តិភាពយូរអង្វែង ។
លោកក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ពិភពលោកពហុប៉ូល ដែលមានសមភាព និងសណ្តាប់ធ្នាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធចិន នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ គំនិតផ្តួចផ្តើមសន្តិសុខសកល ហើយត្រៀមខ្លួនជាស្រេចក្នុងការកសាងគំរូថ្មី នៃភាពជាដៃគូសន្តិសុខជាមួយ យោធាជុំវិញពិភពលោក ។
គួរបញ្ជាក់ថា ប្រធានបទ “ការលើកកម្ពស់សន្តិភាព សម្រាប់អនាគតរួមគ្នា” វេទិកាឆ្នាំនេះមានការចូលរួមពីភ្ញៀវជាង ១,៨០០នាក់ មកពីជាង ១០០ ប្រទេស និងអង្គការអន្តរជាតិផ្សេងទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា