បរទេស៖ សកម្មជននយោបាយនៅក្នុងប្រទេសថៃ២នាក់ គឺលោក Jatupat Boonpattararaksa និង Attapon Buapat ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទប្រមាថព្រះមហាក្សត្រ ដែលបានប្រព្រឹត្តក្នុងអំឡុងពេលបាតុកម្មនៅស្រុក Phu Khieo ក្នុងខេត្ត Chaiyaphum ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា សាលាដំបូងខេត្ត Phu Khieo នៅថ្ងៃសុក្របានកាត់ទោសសកម្មជនទាំងពីរនាក់ពីបទល្មើសមាត្រា១១២នៃក្រមព្រហ្មទណ្ឌ។ តុលាការបានកាត់ទោស លោក Jatupat ឱ្យជាប់គុក ៣ ឆ្នាំ និង លោក Attapol ឱ្យជាប់គុក ២ ឆ្នាំ នេះបើយោងតាមមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) ។ ការចោទប្រកាន់ផ្សេងទៀតប្រឆាំងនឹងពួកគេត្រូវបានទម្លាក់។
លោក Jatupat ដែលគេស្គាល់ថា “Pai Dao Din” បានទទួលការកាត់ទោសយូរជាងនេះ ដោយសារករណីនេះគឺជាបទល្មើសទីពីររបស់គាត់ ខណៈដែលវាជាលើកដំបូងសម្រាប់លោក Attapol ដែលត្រូវបានគេស្គាល់ថា “Khru Yai” ក្នុងចំណោមសកម្មជន។
មេធាវីបានស្នើសុំឲ្យកូនក្តីរបស់ខ្លួននៅក្រៅឃុំ។ មេធាវីថៃដើម្បីសិទ្ធិមនុស្ស បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពមួយថា គិតត្រឹមរសៀលថ្ងៃសុក្រនេះ ពួកគេនៅតែរង់ចាំការសម្រេចដែលធ្វើឡើងដោយសាលាឧទ្ធរណ៍តំបន់ 3 ដែលមានមូលដ្ឋាននៅក្នុងខេត្ត Nakhon Ratchasima។ អ្នកទាំងពីរនឹងត្រូវបញ្ជូនទៅពន្ធនាគារ Phu Khieo ប្រសិនបើត្រូវបានបដិសេធ។
លោក Jatupat និង Attapol ត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ជាច្រើន រួមទាំងការប្រមាថព្រះមហាក្សត្រចំពោះតួនាទីរបស់ពួកគេនៅក្នុងការប្រមូលផ្តុំគ្នានៅខាងក្រៅសាលា Phu Khieo និងប៉ុស្តិ៍ប៉ូលីស Phu Khieo កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១១។ នៅប៉ុស្តិ៍ប៉ូលីស ពួកគេបានដឹកនាំក្រុមបាតុករដើម្បីទាមទារឱ្យប៉ូលីសចេញមក សុំទោសសិស្សសាលា ចំពោះការគម្រាមកំហែងពួកគេដល់ផ្ទះ៕
ប្រែសម្រួលៈ ណៃ តុលា