គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី បានអំពាវនាវឲ្យមានការកែទម្រង់រចនាសម្ព័ន្ធនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងជំរុញការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងយន្តការធ្វើសេចក្តីសម្រេចចិត្តសេដ្ឋកិច្ច។
លោកបានធ្វើការអំពាវនាវនៅក្នុងសុន្ទរកថានិម្មិតនៅឯព្រឹត្តិការណ៍អង្គការសហប្រជាជាតិ “ការអំពាវនាវជាសកលលើកិច្ចប្រជុំកំពូលនៃអនាគត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើងចំពេលមានវិបត្តិអន្តរជាតិ ដែលកំពុងកើនឡើង ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដោយបានគូសបញ្ជាក់អំពីការកើនឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេស។
លោកបានចាត់ទុកវាជាអាទិភាពមួយក្នុងការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងអភិបាលកិច្ចសេដ្ឋកិច្ចអន្តរជាតិ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់ពីភលោកខាងត្បូង (Global South) ដើម្បីទទួលបានមូលនិធិសំខាន់ៗ។
នៅក្នុងនោះដែរ លោកបានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លានជាសកល ខណៈពេលដែលការដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខស្បៀង។
លោកបានបន្ថែមថា “កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាលទ្ធភាពទទួលបានទឹកជាសកល និងដើម្បីលើកកំពស់ច្បាប់អន្តរជាតិក្នុងការគ្រប់គ្រងទន្លេឆ្លងព្រំដែន គឺចាំបាច់ ដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងចំណោមប្រទេសពាក់ព័ន្ធ និងការពារកុំឱ្យមានគ្រោះថ្នាក់ដល់ប្រទេសណាមួយ”៕
ប្រែសម្រួល ឈូក បូរ៉ា