ការ៉ាកាស៖ ប្រទេសវេណេស៊ុយអេឡា បានថ្កោលទោស និងច្រានចោលការដាក់ទណ្ឌកម្មថ្មីដែលដាក់ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ប្រឆាំងនឹងមន្រ្តីវេណេស៊ុយអេឡាមួយចំនួន “ក្នុងលក្ខខណ្ឌខ្លាំងក្លាបំផុត” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសវេណេស៊ុយអេឡា បានបរិហារទង្វើរបស់សហរដ្ឋអាមេរិកថាជា “វិធានការបង្ខិតបង្ខំឯកតោភាគី និងខុសច្បាប់ និងជាឧក្រិដ្ឋកម្មថ្មីនៃការឈ្លានពាន”។
ប្រភពបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជាថ្មីម្តងទៀតថា “ការមិនយកចិត្តទុកដាក់ទាំងស្រុងរបស់ខ្លួន ចំពោះច្បាប់អន្តរជាតិ ការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន និងឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនវេណេស៊ុយអេឡា”។
ក្រសួងបានកត់សម្គាល់ថា ទណ្ឌកម្មចុងក្រោយបំផុតបានរំលោភលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងប្រទេសកាតា រវាងរដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិកក្នុងខែកញ្ញា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មបុគ្គលថ្មីប្រឆាំងនឹងមន្ត្រីវេណេស៊ុយអេឡាចំនួន ១៦នាក់នៅក្នុងផ្នែកផ្សេងៗនៃរដ្ឋាភិបាល៕
ប្រែសម្រួល ឈូក បូរ៉ា