ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ៖ លោកខាងលិចអាចបង្កើន សមត្ថភាពការពារដែន អាកាសរបស់អ៊ុយក្រែន

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទូរទស្សន៍ TVP បានរាយការណ៍ថា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានកាលពីថ្ងៃសុក្របានអះអាងថា រដ្ឋាភិបាលលោកខាងលិចកំពុងពិភាក្សាអំពីផែនការពង្រឹងការការពារដែនអាកាសសម្រាប់អ៊ុយក្រែន។

ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ Tusk ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានធ្វើដំណើរមកដល់ទីក្រុង Warsaw កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការគាំទ្ររួមគ្នាចំពោះអ៊ុយក្រែន បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវកាលពីមួយថ្ងៃមុន។

នាយករដ្ឋមន្ត្រីប៉ូឡូញបានបន្ថែមថាលោកបានសន្ទនា យ៉ាងទូលំទូលាយអំពីបញ្ហានេះជាមួយនឹងលោក Blinken ហើយថាលោកក៏នៅតែមានទំនាក់ទំនងជាទៀងទាត់ ជាមួយមេដឹកនាំពិភពលោកជាច្រើនផងដែរ។

ខណៈពេលដែលធ្វើជាម្ចាស់ផ្ទះ Blinken នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បាននិយាយថាអ៊ុយក្រែនគួរតែត្រូវ បានអនុញ្ញាតឱ្យបាញ់មីស៊ីលដែលផ្គត់ផ្គង់ ដោយលោកខាងលិចចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីផងដែរ។

រដ្ឋាភិបាលទីក្រុងគៀវ​បាន​ជំរុញ​ជា​យូរ​មក​ហើយ​នូវ​អ្នក​គាំទ្រ​លោក​ខាង​លិច ​ឱ្យ​អនុញ្ញាត​ឱ្យ​មាន​ការ​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​លើ​ទឹកដី​រុស្ស៊ី ដោយ​អះអាង​ថា​អសមត្ថភាព​ក្នុង​ការ​វាយ​ប្រហារ​ គោលដៅ​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដោយ​អាវុធ​លោក​ខាង​លិច​កំពុង​រារាំង​កងកម្លាំង របស់ខ្លួនពី​ភាពជោគជ័យ​នៅ​សមរភូមិ។

គួរឲ្យដឹងដែរថាកន្លងមកអាមេរិក និងសម្ព័ន្ធមិត្តតែងតែបានដាក់ការរឹតត្បិតមួយចំនួន លើការប្រើប្រាស់អាវុធរបស់ពួកគេ ដោយបញ្ជាក់ថា ពួកគេមិនចង់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះជាមួយរុស្ស៊ីទេ ខណៈពេលដែលត្រូវបានគេរាយការណ៍ថាផ្តល់អាវុធដល់អ៊ុយក្រែនដល់ទៅ២០០ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top