ព័ត៌មានអន្តរជាតិ

អាជ្ញាធរប៊ុលហ្គារី រឹបអូសបានមាសជិត ១២៥ គីឡូក្រាម គិតជាទឹកប្រាក់ប្រមាណ ៦ លានដុល្លារអាមេរិក

xinhua

SOFIA៖ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសុក្រថា អាជ្ញាធរអនុវត្តច្បាប់របស់ប្រទេសប៊ុលហ្គារី បានរឹបអូសមាសចំនួន ១២៤.៧០៨គីឡូក្រាម ដែលមានតម្លៃ ៦លានដុល្លារសហរដ្ឋអាមេរិក នៅច្រកត្រួតពិនិត្យ Kapitan Andreevo របស់ប្រទេសប៊ុ លហ្គារី ។

ទីភ្នាក់ងារគយជាតិ ហៅកាត់ (NCA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាចំនួនដ៏ច្រើនបំផុតនៃមាស ដែលខុសច្បាប់ដែលត្រូវរឹបអូសបាននៅតាមព្រំដែនប៊ុលហ្គារី” ។

វត្ថុតាងត្រូវបានគេរកឃើញកាលពីថ្ងៃពុធ នៅក្នុងរថយន្តដែលមានចុះបញ្ជីជនជាតិប៊ុលហ្គារី ដែលបានមកដល់ប៉ុស្តិ៍ត្រួតពិនិត្យនៅម៉ោង ៧ និង ៣០នាទីយប់  ។ ទីភ្នាក់ងារបានបញ្ជាក់ថា ម៉ោងក្នុងស្រុក ហើយរថយន្តនោះកំពុងធ្វើដំណើរពីប៊ុលហ្គារីទៅកាន់ប្រទេសតួកគី ។

បើយោងតាមទីភ្នាក់ងារ NCA បានឲ្យដឹងទៀតថា អ្នកបើកបរ និងដៃគូរបស់គេ ម្នាក់ទៀត គឺជាពលរដ្ឋប៊ុលហ្គារី និងម្នាក់ទៀតមានសញ្ជាតិប៊ុលហ្គារី និងតួកគី ដោយបានបញ្ជាក់ថា ពួកគេមិនមានអ្វីត្រូវប្រកាសនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យដ៏ម៉ឹងម៉ាត់ដែលមានរយៈពេលជាង ១៣ម៉ោង បានបង្ហាញឱ្យឃើញនូវវត្ថុដែលជាមាស ដុំមាស គ្រឿងអលង្ការ និងកាក់ជាច្រើន ដែលត្រូវបានលាក់ទុកនៅកន្លែងផ្សេងៗនៅក្នុងរថយន្តនោះ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top