ព័ត៌មានអន្តរជាតិ

រុស្ស៊ីផលិតយន្តហោះគ្មានមនុស្សបើក kamikaze ជាមួយម៉ាស៊ីនរបស់ចិន

xinhua

បរទេស៖ រុស្ស៊ីបានចាប់ផ្តើមផលិតយន្តហោះគ្មានមនុស្សបើកវាយប្រហាររយៈចម្ងាយឆ្ងាយថ្មីមួយហៅថា Garpiya-A1 កាលពីឆ្នាំមុន ដោយប្រើម៉ាស៊ីន និងគ្រឿងបន្លាស់របស់ចិន ដែលខ្លួនបានដាក់ពង្រាយក្នុងសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមប្រភពពីរពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប និងឯកសារដែលឃើញដោយសារព័ត៌មាន Reuters ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការស៊ើបការណ៍សម្ងាត់ ដែលរួមបញ្ចូលកិច្ចសន្យាផលិតសម្រាប់យន្តហោះគ្មានមនុស្សបើកថ្មី ការឆ្លើយឆ្លងរបស់ក្រុមហ៊ុនស្តីពីដំណើរការផលិត និងឯកសារហិរញ្ញវត្ថុ បានបង្ហាញថា IEMZ Kupol ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតសព្វាវុធរបស់រដ្ឋរុស្ស៊ី Almaz-Antey ផលិតយន្តហោះគ្មានមនុស្សបើក Garpiyas បានជាង ២.៥០០គ្រឿង  ចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ដល់ ខែកក្កដា ឆ្នាំ ២០២៤ ។

អត្ថិភាពនៃយន្តហោះគ្មានមនុស្សបើកថ្មីរបស់រុស្សី បញ្ចូលបច្ចេកវិទ្យាចិន មិនត្រូវបានគេរាយការណ៍ពីមុនទេ។ ក្រុមហ៊ុន IEMZ Kupol និង Almaz-Antey មិនឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។

ប្រភពស៊ើបការណ៍សម្ងាត់ទាំងពីរបាននិយាយថា យន្តហោះគ្មានមនុស្សបើក Garpiya ដែលមានន័យថា Harpy ជាភាសារុស្សី ត្រូវបានដាក់ពង្រាយប្រឆាំងនឹងគោលដៅយោធា និងជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជនស៊ីវិល និងរបួសទាំងសងខាង។

ពួកគេបានចែករំលែកជាមួយ Reuters នូវអ្វីដែលពួកគេបាននិយាយថាជារូបភាពពីអ៊ុយក្រែននៃបំណែកនៃយន្តហោះ Garpiya ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ Reuters បានរកឃើញព័ត៌មានដែលពង្រឹងការសន្និដ្ឋាននេះ ប៉ុន្តែមិនអាចបញ្ជាក់រូបភាពដោយឯករាជ្យបានទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top