បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តីមន្ត្រីយោធាដែលមិនបញ្ចេញឈ្មោះម្នាក់ថា យោធាកូរ៉េខាងត្បូងថ្មីៗនេះបានដកកាមេរ៉ាឃ្លាំមើលដែលផលិតដោយចិនប្រហែល ១.៣០០គ្រឿង ដែលដំឡើងនៅមូលដ្ឋាននានា ដោយព្រួយបារម្ភអំពីហានិភ័យសុវត្ថិភាពដែលអាចកើតមាន។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម យ៉ុនហាប់ថា កាមេរ៉ាត្រូវបានរចនាឡើងដើម្បីភ្ជាប់ទៅម៉ាស៊ីនមេជាក់លាក់មួយនៅក្នុងប្រទេសចិន ប៉ុន្តែមិនមានទិន្នន័យពិតប្រាកដណាមួយត្រូវបានលេចធ្លាយនោះទេ។
របាយការណ៍បានដកស្រង់សម្តីមន្ត្រីបាននិយាយថា កាមេរ៉ាទាំងនោះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ជាមួយនឹងប្រភពមកពីប្រទេសចិនរបស់ពួកគេបានកំណត់ក្នុងអំឡុងពេលត្រួតពិនិត្យឧបករណ៍កាលពីដើមឆ្នាំនេះ ។
របាយការណ៍បាននិយាយថា កាមេរ៉ាមិនត្រូវបានប្រើសម្រាប់ប្រតិបត្តិការយាមដូចជានៅតាមតំបន់គ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរនោះទេ ប៉ុន្តែបានប្រើសម្រាប់ការត្រួតពិនិត្យក្រុមហ្វឹកហ្វឺន និងរបងបរិវេណនៅមូលដ្ឋាននានា។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងស្ថិតក្នុងដំណើរការប្រមូលកាមេរ៉ាដែលផលិតដោយបរទេស ហើយជំនួសវាជាមួយកាមេរ៉ាផ្សេងទៀត។ ក្រសួងបានបដិសេធមិនបញ្ជាក់ពីកន្លែងដែលម៉ាស៊ីនថតត្រូវបានគេផលិតនោះទេ។
កាលពីឆ្នាំមុន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបាននិយាយថា ក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ខ្លួនកំពុងដកកាមេរ៉ាឃ្លាំមើល ដែលផលិតដោយក្រុមហ៊ុនចិនចេញពីកន្លែងរបស់ពួកគេ បន្ទាប់ពីមានរបាយការណ៍ថាបច្ចេកវិទ្យានេះបង្កហានិភ័យផ្នែកសុវត្ថិភាព៕
ប្រែសម្រួលៈ ណៃ តុលា