ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ីអះអាងថា អង្គការណាតូ អាចនឹងបញ្ជួនកងទ័ពចូលអ៊ុយក្រែន ដើម្បីបង្កើនភាពតានតឹង

RT News

បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Aleksandr Fomin បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងរៀបចំផែនការសម្រាប់បង្កើនភាពតានតឹងបន្ថែមទៀតនៃជម្លោះអ៊ុយក្រែន ដោយការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសនេះ (អ៊ុយក្រែន)។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងវេទិកាការពារជាតិ Xiangshan ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ លោក Fomin បានរំលឹកឡើងវិញនូវជំហររបស់ទីក្រុងម៉ូស្គូថា អរិភាពគឺជាសង្គ្រាមប្រូកស៊ី (សង្គ្រាមតំណាង) ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងម៉ូស្គូ។ បណ្តាប្រទេសលោកខាងលិចទទូច័ថាពួកគេមិនមែនជាភាគីនៃជម្លោះនេះទេ ហើយគ្រាន់តែជួយក្រុងកៀវឱ្យទប់ទល់នឹង “ការឈ្លានពានដែលមិនបង្កហេតុ” ដោយរុស្ស៊ី។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Aleksandr Fomin បានអះអាងថា “ប្រជាជាតិណាតូកំពុងរៀបចំផែនការដាក់ពង្រាយទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែន ដោយស្វែងរកការបង្កើតលក្ខខណ្ឌសម្រាប់បង្ខំឱ្យរុស្ស៊ីទទួលយកតាមការទាមទាររបស់ទីក្រុងគៀវតាមរយៈការចរចា។ នេះ​ជា​ល្បែង​ដ៏​គ្រោះថ្នាក់ ដែល​អាច​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ផ្ទាល់​នៃ​ប្រទេស​ដែលមានអាវុធនុយក្លេអ៊ែរ»។

លោកបានបន្ថែមថា “ទីក្រុងគៀវ កំពុងទទួលបានជំនួយយោធាយ៉ាងទូលំទូលាយ។ អ៊ុយក្រែន កំពុងទទួលបានសព្វាវុធទំនើបៗ ហើយកំពុងត្រូវបានជំរុញឱ្យធ្វើការវាយប្រហារលើទឹកដីរុស្ស៊ី។

អនុរដ្ឋមន្ត្រីរបស់រុស្ស៊ីរូបនេះ បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់រុស្ស៊ីដែលថា សហរដ្ឋអាមេរិកអាចកាត់បន្ថយខ្លាំងនូវកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃការកែប្រែឥរិយាបថនុយក្លេអ៊ែររបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top