តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp បានឲ្យដឹងថា ខ្លួនបានផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ខណៈដែលការទិញយកUnited States Steel Corp ក្នុងតម្លៃ ១៤,១ពាន់លានដុល្លាររបស់ខ្លួន កំពុងប្រឈមនឹងហានិភ័យ។
លិខិតដែលចុះហត្ថលេខាដោយប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Nippon Steel លោក Eiji Hashimoto និងលោក David Burritt ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន US Steel របស់សហរដ្ឋអាមេរិក ត្រូវបានផ្ញើកាលពីថ្ងៃអាទិត្យ។
លោក បៃដិន ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការ ដើម្បីរារាំងកិច្ចព្រមព្រៀងដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ ដែលអាចកើតមានទាក់ទងនឹងកម្មសិទ្ធិរបស់បរទេស។
ក្រុមហ៊ុន Nippon Steel បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនៃលិខិតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ផែនការទិញយកដែលបានប្រកាសកាលពីខែធ្នូ បានក្លាយជាបញ្ហានយោបាយនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលលោក បៃដិន និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពគណបក្សប្រជាធិបតេយ្យ បានប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ក៏ដូចជាអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងខាងគណបក្សសាធារណរដ្ឋនៅមុនខែវិច្ឆិកា ដែលជាការបោះឆ្នោតប្រធានាធិបតី។
ក្រុមហ៊ុនដែកថែប ដែលមានមូលដ្ឋាននៅទីក្រុង Pittsburgh និងម្ចាស់ភាគហ៊ុនរបស់ខ្លួនកំពុងគាំទ្រការកាន់កាប់នេះ ប៉ុន្តែសហជីព United Steelworkers ដ៏មានឥទ្ធិពល ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋ Pennsylvania ដែលជារដ្ឋសមរភូមិ សម្រាប់ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ បានប្រឆាំងយ៉ាងខ្លាំង ចំពោះផែនការនេះ។
នៅក្នុងនោះដែរ អនុប្រធានក្រុមហ៊ុន Nippon Steel លោក Takahiro Mori បានជួបសមាជិកនៃគណៈកម្មាធិការសហរដ្ឋអាមេរិក ស្តីពីការវិនិយោគបរទេសនៅទីក្រុងវ៉ាស៊ីនតោន កាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីផែនការទិញយក៕
ប្រែសម្រួល ឈូក បូរ៉ា