បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោធាចិនបាននិយាយថា ការឆ្លងកាត់នាវាកងទ័ពជើងទឹកអាល្លឺម៉ង់ចំនួន ២ គ្រឿងដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសុក្រ បានបង្កើនហានិភ័យសន្តិសុខ នៅក្នុងតំបន់។
ក្នុងនោះផងដែរក្រសួងការបរទេសនៅទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងប៊ែរឡាំងពីបទបង្ករឿងញុះញង់ និងរំលោភលើគោលនយោបាយចិនតែមួយទៀតផង។
កោះតៃវ៉ាន់បានគ្រប់គ្រងដោយខ្លួនឯងដោយការពិតចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែលកងកម្លាំងជាតិនិយមបានចាញ់សង្រ្គាមស៊ីវិលចិន ទៅឱ្យពួកកុម្មុយនិស្តហើយបានភៀសខ្លួនទៅកាន់កោះនេះ។
បច្ចុប្បន្នកោះតៃវ៉ាន់ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសអធិបតេយ្យភាពដោយប្រទេសតែ ១២ ប៉ុណ្ណោះក្នុងពិភពលោក។ ខណៈពេលដែលប្រកាន់ខ្ជាប់លើក្រដាសនៃគោលនយោបាយចិនតែមួយ ដែលរដ្ឋាភិបាលនៅទីក្រុងប៉េកាំងជាអាជ្ញាធរគ្រប់គ្រងតែមួយគត់លើទឹកដីចិន សហរដ្ឋអាមេរិកបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាច្រើនទសវត្សរ៍ជាមួយ និងគាំទ្ររដ្ឋាភិបាលទីក្រុងតៃប៉ិ។
គួរឲ្យដឹងដែរថាប្រទេសចិនបានទទូចថាកោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួនឡើយ ដោយប្រធានាធិបតី Xi Jinping បានព្រមានថាទីក្រុងប៉េកាំងអាចងាកទៅរកកម្លាំងយោធាដើម្បីគ្រប់គ្រងកោះនេះឡើងវិញផងដែរនាពេលខាងមុខ៕
ប្រែសម្រួល៖ ស៊ុនលី