ព័ត៌មានអន្តរជាតិ

លោក Medvedev ៖ រុស្សីកន្លងមកមានមូលហេតុគ្រប់គ្រាន់ ក្នុងការប្រើប្រាស់នុយក្លេអ៊ែរ ប៉ុន្តែតែងតែប្រើប្រាស់ការអត់ធ្មត់

sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ចាប់តាំងតែពីពេលមានជម្លោះអ៊ុយក្រែន រុស្ស៊ីមានហេតុផលគ្រប់គ្រាន់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែរហូតមកដល់ពេលនេះបានអនុវត្តការអត់ធ្មត់ជាប់មកជានិច្ច។

ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ការអត់ធ្មត់របស់ទីក្រុងមូស្គូគឺគ្មានដែនកំណត់នោះទេ ដោយលោកបានលើកឡើងថា រុស្ស៊ីអាចឆ្លើយតបយ៉ាងតឹងរ៉ឹង ប្រសិនបើប្រទេសលោកខាងលិចអនុញ្ញាតឱ្យក្រុងគៀវ ប្រើប្រាស់មីស៊ីលដែលពួកគេបានផ្តល់ឱ្យ ដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី។

រដ្ឋាភិបាលក្រុងគៀវ​បាន​ទាមទារ​ឱ្យ​ដក​កម្រិត​ទាំងនេះ​តាំងពី​ខែ​ឧសភា​មកហើយប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍នឹងធ្វើដូច្នេះក្នុងពេលឆាប់ៗនេះ ឬដោយសម្ងាត់។

នៅក្នុងការបង្ហោះនៅលើបណ្តាញ Telegram របស់គាត់កាលពីថ្ងៃសៅរ៍ លោក Medvedev បានសរសេរថា មេដឹកនាំលោកខាងលិចបានបញ្ឆោតខ្លួនឯងចូលទៅក្នុងអារម្មណ៍សុវត្ថិភាពមិនពិត ដោយគិតថាទីក្រុងមូស្គូកំពុងនិយាយបំផ្លើសនៅពេលដែលខ្លួនព្រមានពីផលវិបាកធ្ងន់ធ្ងរសម្រាប់ការអនុញ្ញាតឱ្យមានការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ។

គួរឲ្យដឹងដែរថាមន្ត្រីជាន់ខ្ពស់រូបនេះ លោកធ្លាប់មានតំណែងជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២។ លោកបាននិយាយទៀតដែរថា រុស្ស៊ីដឹងច្បាស់ថា ការធ្វើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ នឹងក្លាយជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ៕

ប្រែសម្រួល៖ ស៊ុនលី

To Top