ព័ត៌មានអន្តរជាតិ

ករណីរថភ្លើងបុកគ្នា នៅអេហ្ស៊ីប បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង៥០នាក់

គែរ ៖ ក្រសួងសុខាភិបាល របស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ មានមនុស្សតិចបំផុតចំនួន៣នាក់បានស្លាប់ និងចំនួន៤៩នាក់ផ្សេងទៀត បានរងរបួស នៅក្នុងពេលរថភ្លើង២ខ្សែបានបុកគ្នានៅខេត្ត Sharqiya ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋធានី គែរ របស់ប្រទេសអេហ្ស៊ីប ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពសុខភាពរបស់អ្នករបួសចំនួន៤នាក់មានស្ថិរភាព ហើយត្រូវបានគេរំពឹងថា នឹងចាកចេញពីមន្ទីរពេទ្យនៅប៉ុន្មានម៉ោងខាងមុខនេះ ដោយកត់សម្គាល់ថា បុគ្គលចំនួន៥នាក់ផ្សេងទៀតដែលមានស្ថានភាពមិនស្ថិរភាពនោះ គឺតម្រូវឱ្យមានការត្រួតពិនិត្យមើលបន្ថែមទៀត ។

ក្រសួងបានឲ្យដឹងនៅមុននេះថា រថយន្តសង្គ្រោះចំនួន៣៩គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុនៃឧបទ្ទវហេតុនៅក្នុងទីក្រុង Zagazig នៃខេត្ត Sharqiya ដើម្បីជម្លៀសអ្នករងរបួស ។

ទន្ទឹមនឹងនេះដែរ លោក Hazem al-Ashmouny អភិបាលខេត្ត Sharqiya បានប្រាប់ដល់ប៉ុស្តិ៍ទូរទស្សន៍ Extra News ក្នុងស្រុករបស់អេហ្ស៊ីបថា អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីរថភ្លើងទាំង២ ហើយកិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការ ដើម្បីស្តារចរាចរណ៍រថភ្លើង នៅលើខ្សែរថភ្លើងនេះឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top