ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិក សម្លាប់ពលរដ្ឋហ្វីលីពីនចំនួន ៦នាក់ និងបណ្តាលឲ្យបាត់ខ្លួន ២នាក់

Xinhua

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ព្យុះត្រូពិក ដែលមានឈ្មោះថា Bebinca បានចាកចេញពីប្រទេសហ្វីលីពីន ដោយធ្វើឲ្យមានអ្នកស្លាប់ចំនួន ៦នាក់ និងយ៉ាងហោចណាស់មានមនុស្សចំនួន ២ នាក់បាត់ខ្លួន ។

ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការ កាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ ហៅកាត់ (NDRRMC) បានឲ្យដឹងថា មនុស្សចំនួន ៤នាក់ បានស្លាប់នៅក្នុងតំបន់ស្វយ័ត Bangsamoro ក្នុងតំបន់ម៉ូស្លីម Mindanao និងចំនួន ២ នាក់នៅឧបទ្វីប Zamboanga ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ។

ទីភ្នាក់ងារខាងនេះបានឲ្យដឹងថា ម្នាក់កំពុងបាត់ខ្លួននៅឧបទ្វីប Zamboanga និងម្នាក់ទៀតនៅតំបន់ Western Visayas នៅតំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន ។

ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា ព្យុះ Bebinca ជាព្យុះស៊ីក្លូនត្រូពិកទី៦ បានវាយប្រហារមកលើប្រទេសហ្វីលីពីន គិតចាប់តាំងពីខែមករាឆ្នាំនេះ បានបង្កផលប៉ះពាល់ដល់មនុស្សជាង ២០០.០០០នាក់ នៅក្នុងភូមិប្រមាណចំនួន ៣០០។ អ្នកភូមិជិត ១៤.០០០នាក់ ត្រូវភៀសខ្លួន ហើយកំពុងស្ថិតក្នុងជម្រកបណ្ដោះអាសន្នដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

ព្យុះត្រូពិក Bebinca បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ ស្ពាន និងផ្ទះសម្បែង៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top