ព័ត៌មានអន្តរជាតិ

ទឹកជំនន់ កំពុងវាយលុកតំបន់អឺរ៉ុប បណ្តាលឱ្យស្លាប់ជាច្រើននាក់ ខណៈប៉ូលីសឆេកកំពុងស្វែងរកមនុស្សបីនាក់ នៅក្នុងរថយន្តដែលបានធ្លាក់ចូលទៅក្នុងទន្លេ

Afp

បរទេស៖ មនុស្សម្នាក់បានលង់ទឹកស្លាប់នៅភាគនិរតីនៃប្រទេសប៉ូឡូញ ហើយរាប់ពាន់នាក់ត្រូវបានជម្លៀសឆ្លងព្រំដែនក្នុងសាធារណរដ្ឋឆេក ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបន្តវាយលុកតំបន់អឺរ៉ុបកណ្តាល នៅថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងតំបន់ជាច្រើន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកពន្លត់អគ្គីភ័យម្នាក់ដែលកំពុងជួយក្នុងគ្រោះទឹកជំនន់នៅប្រទេសអូទ្រីសផ្នែកខាងក្រោមក៏ត្រូវបានស្លាប់ដែរ ។ នេះបើតាមអនុអធិការបតីអូទ្រីស Werner Kogler បាននិយាយនៅថ្ងៃអាទិត្យនៅលើវេទិកាសង្គម X ខណៈដែលអាជ្ញាធរបានប្រកាសខេត្តដែលព័ទ្ធជុំវិញទីក្រុងវីយែនជាប់ព្រំដែនសាធារណរដ្ឋឆេកនិងស្លូវ៉ាគី ដែលជាតំបន់គ្រោះ មហន្តរាយ។

ទឹកទន្លេបានហូរហៀរដោយហូរពីប៉ូឡូញទៅកាន់ប្រទេសរូម៉ានី ជាកន្លែងដែលមនុស្ស ៤នាក់ ត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅក្នុងប្រព័ន្ធសម្ពាធទាបដែលមានឈ្មោះថា Boris ។ ផ្នែកខ្លះនៃសាធារណរដ្ឋឆេក និងប៉ូឡូញប្រឈមមុខនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជិតបីទសវត្សរ៍មកនេះ។

នៅសាធារណរដ្ឋឆេក ផ្ទះមួយភាគបួននៃផ្ទះមួយលានខ្នង គឺគ្មានអគ្គិសនីប្រើប្រាស់ ដោយសារខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង។ ប៉ូលិសឆេកបាននិយាយថា ពួកគេកំពុងស្វែងរកមនុស្សបីនាក់ដែលនៅក្នុងរថយន្តដែលបានធ្លាក់ចូលទៅក្នុងទន្លេ Staric ចម្ងាយ ២៣៥ គីឡូម៉ែត្រភាគខាងកើតទីក្រុង Prague កាលពីថ្ងៃសៅរ៍។

នៅប្រទេសប៉ូឡូញ មនុស្សម្នាក់បានស្លាប់នៅក្នុងស្រុក Klodzko ដែលនាយករដ្ឋមន្ត្រី Donald Tusk បាននិយាយថា ជាតំបន់ដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេស និងជាកន្លែងដែលមនុស្ស ១.៦០០នាក់ ត្រូវបានជម្លៀសចេញ។

លោក Tusk បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Klodzko ដែលមួយផ្នែកស្ថិតនៅក្រោមទឹក ខណៈដែលទឹកទន្លេក្នុងតំបន់បានកើនឡើងដល់ ៦,៦៥ ម៉ែត្រកាលពីព្រឹកថ្ងៃអាទិត្យ មុនពេលស្រកចុះបន្តិច ដែលនោះគឺលើសពីកំណត់ត្រាដែលបានឃើញនៅក្នុងទឹកជំនន់ដ៏ខ្លាំងក្នុងឆ្នាំ១៩៩៧ ដែលបានបំផ្លាញទីក្រុងមួយផ្នែក និងបានឆក់យកជីវិតមនុស្ស ៥៦ នាក់នៅក្នុងប្រទេសប៉ូឡូញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top