ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវៀតណាមថា ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យខូចខាតដល់ទៅ ១,៦៣ ពាន់លានដុល្លារ

xinhua

បរទេស៖ យោងតាមរដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យខូចខាតគិតជាប្រាក់ដល់ទៅ ៤០ ពាន់ពាន់លានដុង ស្មើនឹងប្រមាណ ១,៦៣ ពាន់លានដុល្លារ នៅក្នុងតំបន់ភាគខាងជើង ហើយអាចនឹងធ្វើឱ្យ GDP របស់វៀតណាមឆ្នាំ២០២៤ ធ្លាក់ចុះ ០,១៥ ភាគរយពីការព្យាករណ៍ពីមុន។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ លោក ង្វៀន ជីដុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគរបស់វៀតណាម នៅកិច្ចប្រជុំរដ្ឋាភិបាលនៅថ្ងៃអាទិត្យថា ព្យុះទីហ្វុង ដែលជាខ្យល់បោកបក់ខ្លាំងបំផុតក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ហើយភ្លៀង និងទឹកជំនន់ដែលបន្តបន្ទាប់បានប៉ះពាល់ដល់តំបន់ចំនួន ២៦ ដែលស្មើនឹង ៤១ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និង ៤០ភាគរយ នៃចំនួនប្រជាជន។

ទីក្រុងឆ្នេរសមុទ្រ Hai Phong តែមួយបានរងការខូចខាតជាង ១០,៨ ពាន់ពាន់លានដុង ស្មើនឹង ១០ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួនកាលពីឆ្នាំមុន។ ខេត្ត ហ្គាងនិញ ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ព្យុះ​ទីហ្វុង​បាន​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ដែល​ប៉ាន់​ប្រមាណ​ប្រមាណ​ជា ២៣,៧៧ ពាន់​ពាន់​លាន​ដុង។

នៅតំបន់ភាគខាងជើងប្រទេស ព្យុះទីហ្វុងបានបំផ្លាញផ្ទះចំនួន ២៥០.០០០ ខ្នង សាលារៀនចំនួន ១.៣០០ និងបាក់ទំនប់ចំនួន៣០៥ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ផ្ទៃដីកសិផលប្រហែល ២៦២.០០០ ហិកតាត្រូវបានលិចទឹក ហើយកសិដ្ឋានវារីវប្បកម្មចំនួន ២.២៥០ ត្រូវបានខូចខាត។ សត្វពាហនៈ និងបសុបក្សីចំនួន ២លាន៣សែនក្បាលបានងាប់ ហើយដើមឈើក្នុងទីក្រុងចំនួន ៣១០.០០០ដើម រលំសណ្តកឬស។

លោក ដុង បាន​បន្ត​ថា​៖ «​កំណើន GDP នៅ​ប្រទេស​វៀតណាម និង​តំបន់​ជា​ច្រើន​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​នៅ​ឆមាស​ទីពីរ​ឆ្នាំ​នេះ​»។ កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទី៣ អាចនឹងធ្លាក់ចុះ ០,៣៥ ភាគរយពីការព្យាករណ៍ពីមុន ហើយសម្រាប់ត្រីមាសទី៤ ការធ្លាក់ចុះអាចនឹងមានចំនួន ០,២២ ភាគរយ។

សម្រាប់ពេញមួយឆ្នាំ គឺ GDP អាចធ្លាក់ចុះ ០,១៥ ភាគរយធៀបនឹងសេណារីយ៉ូកំណើនដែលបានស្នើឡើងនៅចុងត្រីមាសទីពីរ ៦,៨ភាគរយ ទៅ ៧ភាគរយ។ ក្នុងចំណោមវិស័យនានា កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ០,៣៣ ភាគរយ។ ឧស្សាហកម្ម និងសំណង់ ០,០៥ ភាគរយ; និងសេវាកម្មដោយពិន្ទុ ០,២២0ភាគរយ។

តំបន់មួយចំនួនដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជា Hai Phong, ហ្គាងនិញ , ថៃ ង្វៀន និង Lao Cai អាចនឹងឃើញ GDP ក្នុងតំបន់ធ្លាក់ចុះជាង ០,៥ ភាគរយ។

ព្យុះទីហ្វុង Yagi បានបោកបក់នៅឈូងសមុទ្រតុងកឹង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ដោយបង្ខំឱ្យប្រជាជនជិត ១៣.០០០ គ្រួសារនៅ Hai Phong, ហ្គាងនិញ និង Thai Binh ជម្លៀសចេញជាបន្ទាន់។

ព្យុះ​នេះ​បាន​បង្ក​ឱ្យ​មានការ​ដាច់​ចរន្ត​អគ្គិសនី ទឹក និង​ទំនាក់ទំនង​។ តំបន់មួយចំនួននៅតែជន់លិច ហើយហានិភ័យនៃការរអិលបាក់ដីអាចនាំឱ្យមានការខូចខាតធ្ងន់ធ្ងរបន្ថែមទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top