បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ ប្រទេសរុស្សីបានអះអាងថា កងកម្លាំងយោធារុស្ស៊ី បានបាញ់ទម្លាក់ យន្តហោះចម្បាំងអ៊ុយក្រែន ចំនួន៣គ្រឿងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រសួងក៏បាននិយាយនៅក្នុងការអាប់ដេតប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា យន្តហោះ Sukhoi Su-27 ចំនួនពីរដែលប្រតិបត្តិការ ដោយទីក្រុងគៀវ ត្រូវបានបំផ្លាញ ដោយកងកម្លាំងអាកាសរុស្ស៊ី ខណៈដែលកងការពារ អាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះ Mikoyan MiG-29 ផងដែរ។
ក្នុងរយៈពេលដូចគ្នានេះ កងការពារដែនអាកាសរុស្ស៊ី ក៏បានស្ទាក់ចាប់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិក គ្រាប់បែកដឹកនាំដោយ Hammer ផលិតដោយបារាំងចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៥៥គ្រឿងផ្សេងទៀតផងដែរ ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ុយក្រែនបានបាត់បង់ ទាហានជាង២,២០០ នាក់នៅតាមខ្សែបន្ទាត់ជួរមុខ និងគ្រឿងបរិក្ខារជាច្រើនរាប់សិបគ្រឿង រួមទាំងបំណែកកាំភ្លើងធំ M777 ផលិតដោយសហរដ្ឋអាមេរិកមួយចំនួន និងកាំភ្លើងធំ L-119 របស់អង់គ្លេស។
គួរឲ្យដឹងដែរថា ការផលិតយន្តហោះ Su-27s និង MiG-29s បានចាប់ផ្តើម នៅក្នុងសហភាព សូវៀតនៅដើម ទសវត្សរ៍ឆ្នាំ១៩៨០ ដោយយន្តហោះចម្បាំងនេះ មានគោលបំណងប្រឆាំង នឹងយន្តហោះជំនាន់ទី៤ របស់អាមេរិកដូចជា F-15s និង F-16s ៕
ប្រែសម្រួល៖ស៊ុនលី