ព័ត៌មានអន្តរជាតិ

Update: ចំនួនអ្នកស្លាប់ដោយទឹកជំនន់ នៅអឺរ៉ុបកណ្តាល កើនឡើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ

Xinhua

បរទេស៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅអឺរ៉ុបកណ្តាលបានកើនឡើងដល់ ៨នាក់ហើយកាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ក្នុងសាធារណរដ្ឋឆេក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃដែលបណ្តាលឱ្យ ទឹកទន្លេហូរច្រាំងទន្លេនៅតំបន់ជាច្រើន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបមួយដែលមានឈ្មោះថា Boris បានបង្កឲ្យមានភ្លៀងធ្លាក់ពីប្រទេសអូទ្រីស ទៅកាន់ប្រទេសរូម៉ានី ដែលនាំឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជិត ៣ទស្សវត្សរ៍ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំង នៅក្នុងសាធារណរដ្ឋឆេក និងប៉ូឡូញ។

ភ្លៀងធ្លាក់កាន់តែច្រើន និងខ្យល់បក់ខ្លាំង ត្រូវបានព្យាករណ៍រហូតដល់ យ៉ាងហោចណាស់ថ្ងៃចន្ទ ទោះបីជាភ្លៀងបានធូរស្រាល កាលពីថ្ងៃអាទិត្យនៅប្រទេសរ៉ូម៉ានី ដែលបានធ្វើឱ្យមានទឹកជំនន់ខ្លាំង កាលពីមួយថ្ងៃមុនក៏ដោយ។

ផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាតកាលពីចុងសប្តាហ៍ ស្ពានបានបាក់ហូរតាមទឹក និងយ៉ាងហោចណាស់មនុស្សចំនួន ២៥០.០០០ គ្រួសារ ដែលភាគច្រើននៅក្នុងសាធារណរដ្ឋឆេក ត្រូវបានរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនី។

មនុស្សម្នាក់បានលង់ទឹកស្លាប់ នៅភាគនិរតីនៃប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យ អ្នកពន្លត់អគ្គីភ័យដែលចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក៏បានស្លាប់ផងដែរនៅក្នុងប្រទេសអូទ្រីស ហើយមនុស្សពីរនាក់ទៀត បានស្លាប់នៅក្នុងប្រទេសរូម៉ានី ជាកន្លែងដែលទឹកជំនន់បានឆក់យកជីវិតមនុស្ស ៤ នាក់កាលពីថ្ងៃសៅរ៍។

នៅប្រទេសអូទ្រីស ជាខេត្តជុំវិញទីក្រុងវីយែន ដែលមន្ត្រីរដ្ឋាភិបាលបាននិយាយថា អ្នកពន្លត់អគ្គីភ័យបានស្លាប់ អាជ្ញាធរបានប្រកាសតំបន់នោះ ជាតំបន់គ្រោះមហន្តរាយ និងបានព្រមានប្រឆាំងនឹង ការធ្វើដំណើរដែលមិនចាំបាច់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top