ព័ត៌មានអន្តរជាតិ

វៀតណាម នឹងរងការបោកបក់ពីព្យុះទីហ្វុង បន្ថែមទៀត នៅក្នុងខែកញ្ញានេះ

AFP

បរទេស ៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន របស់ប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃអាទិត្យថា ភាគខាងជើងប្រទេស វៀតណាម និងភាគកណ្តាល គឺអាចនឹងប្រឈមមុខ នឹងឥទ្ធិពលនៃព្យុះទីហ្វុងមួយ ឬពីរបន្ថែមទៀតមុន ដំណាច់ខែកញ្ញានេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រសួង គឺ ព្យុះនេះនឹងត្រូវបានបង្កើតឡើងនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រខាងកើតរបស់វៀតណាម ហើយទំនងជានឹងប៉ះពាល់ដល់តំបន់ភាគខាងជើង និងខាងជើងភាគកណ្តាល នៃប្រទេសវៀតណាម។

ក្រសួងក៏បានព្រមានអំពី ហានិភ័យទឹកជំនន់ដែលកើនឡើង សម្រាប់វៀតណាមភាគកណ្តាល ក្នុងខែតុលា និងវិច្ឆិកាផងដែរ។

ចំណែកទីភ្នាក់ងារឧតុនិយមវិញ បានព្យាករណ៍ថា នឹងមានភ្លៀងបន្តធ្លាក់ខ្លាំងពាស ពេញប្រទេសវៀតណាម ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ រដូវវស្សាត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅភាគកណ្តាល នៃប្រទេសវៀតណាម នៅពាក់កណ្តាលខែកញ្ញា ដោយតំបន់ភាគខាងជើង អាចមានភ្លៀង ធ្លាក់រហូតដល់៤០ភាគរយ ច្រើនជាងមធ្យម ភាគតាមរដូវ។ ភ្លៀងធ្លាក់នៅតំបន់ភាគខាងជើង និងខាងជើងភាគកណ្តាល អាចមានរហូតដល់ ៣០ភាគរយ លើសពីមធ្យមភាគក្នុងឆ្នាំមុន ។

មកទល់ពេលនេះ ព្យុះចំនួនបីបានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង។ ព្យុះទីហ្វុង Yagi ថ្មីៗនេះបានបោកបក់នៅខេត្ត Quang Ninh ដែលជាកន្លែងបេតិកភណ្ឌរបស់ UNESCO នៅ Ha Long Bay កាលពីថ្ងៃទី៧ ខែកញ្ញា បង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៩២ នាក់ និង ៣៨ នាក់ទៀតបាត់ខ្លួន និងផ្ទះចំនួន ៧៣.០០០ ខ្នងរងការខូចខាត នៅភាគខាងជើង ប្រទេសវៀតណាម ។

នៅក្នុងការព្យាករណ៍ខែឧសភា មជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ ធនធានជលសាស្ត្រ បានព្យាករណ៍ថា នឹងមានព្យុះចំនួន១៣ និងព្យុះត្រូពិចនៅសមុទ្រចិន ខាងត្បូង ក្នុងឆ្នាំនេះ ដោយក្នុងនោះ ៥ ទៅ ៧ព្យុះ ទំនងជាប៉ះពាល់ ដល់ប្រទេសវៀតណាម ជាចម្បង នៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកា។

សប្តាហ៍នេះ ភាគខាងជើងវៀតណាម ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់តិចតួច ។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់មួយចំនួន ជាពិសេស ឡាវកៃ, Yen Bai, Phu Tho, Quang Ninh និង Hai Phong អាចនឹងមានភ្លៀងធ្លាក់រហូតដល់ ៥០ មីលីម៉ែត្រ រហូតដល់ថ្ងៃអង្គារ ៕

To Top