តេអេរ៉ង់៖ អ៊ីរ៉ង់ និងរុស្ស៊ី បានលើកឡើងពីភាពចាំបាច់ ដើម្បីបញ្ចប់ការអនុវត្តផ្លូវដឹកជញ្ជូន ដែលតភ្ជាប់អាស៊ីខាងត្បូង ទៅអឺរ៉ុបខាងជើង ដែលត្រូវបានគេស្គាល់ថា ជាច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង និងខាងត្បូង (INSTC)។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ លោក Abdolnaser Hemmati និងជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតីរុស្ស៊ី លោក Igor Levitin បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។
រដ្ឋមន្ត្រីអ៊ីរ៉ង់បានលើកឡើងថា ការអនុវត្តយ៉ាងឆាប់រហ័សរបស់ INSTC នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអ៊ីរ៉ង់ រុស្ស៊ី ឥណ្ឌា និងរដ្ឋអារ៉ាប់ក្នុងតំបន់។
លោកបានបន្ថែមថា អ៊ីរ៉ង់រំពឹងថា រុស្ស៊ីនឹងគាំទ្រគម្រោងធំរបស់ INSTC នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Hemmati បានបន្ដថា រដ្ឋាភិបាលអ៊ីរ៉ង់គាំទ្រការវិនិយោគ ក្នុងការអនុវត្តច្រករបៀងអន្តរជាតិ ដោយបានបង្ហាញពីការត្រៀមខ្លួន របស់ខ្លួនក្នុងការសម្របសម្រួល ការចូលរួមរបស់ប្រទេសផ្សេងទៀត នៅក្នុងគម្រោងនេះ ដោយផ្តល់នូវការលើកទឹកចិត្តពិសេសក្នុងការវិនិយោគ។
លោកបានបង្ហាញក្តីសង្ឃឹមថា ការវិនិយោគរបស់រុស្ស៊ី នៅអ៊ីរ៉ង់ ជាពិសេសក្នុងវិស័យប្រេង ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដឹកជញ្ជូន របស់ប្រទេសនឹងកើនឡើង ៕
ប្រែសម្រួល ឈូក បូរ៉ា