តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានអះអាងថា ប្រទេសរបស់លោក មិនមានចេតនា ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ដោយបានរុញច្រានប្រឆាំង នឹងការព្រួយបារម្ភ របស់អន្តរជាតិជុំវិញ កម្មវិធីចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមរបស់ខ្លួន ។
លោក Pezeshkian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ថា “យើងបានសង្កត់ធ្ងន់ម្តងហើយ ម្តងទៀតថា យើងមិនស្វែងរកអាវុធ នុយក្លេអ៊ែរទេ គោលដៅរបស់យើង គឺដើម្បីបំពេញតម្រូវការបច្ចេកទេស និងវិទ្យាសាស្រ្តរបស់យើង” ។
ការលើកឡើងរបស់លោក បានធ្វើឡើងក្នុងការឆ្លើយតប ទៅនឹងការជូនដំណឹងនាពេលថ្មីៗនេះ ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជុំវិញការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដល់កម្រិត ៦០ភាគរយ។
លោក Pezeshkian បានអះអាងថា អ៊ីរ៉ង់នៅតែប្តេជ្ញាចិត្ត ចំពោះក្របខ័ណ្ឌដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ការបន្តប្រកាន់ខ្ជាប់របស់អ៊ីរ៉ង់ គឺអាស្រ័យលើប្រទេសហត្ថលេខីផ្សេងទៀត ដែលគោរពកាតព្វកិច្ចរបស់ពួកគេ។
លោកបានលើកឡើងថា “ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនបំពេញការប្តេជ្ញាចិត្តរបស់ពួកគេ យើងនឹងធ្វើដូចគ្នា បើគេមិនធ្វើ យើងក៏អត់ដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា