ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា ​គ្មាន​មីស៊ីល​លឿន​ជាង​សំឡេង​ ត្រូវបានបញ្ជូន​ទៅ​កាន់​ក្រុម​ហ៊ូធី របស់​យេម៉ែន​នោះទេ

AFP

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានបញ្ជាក់ថា ប្រទេសរបស់លោក មិនបានបញ្ជូនមីស៊ីលលឿន ជាងសំឡេងទៅឱ្យក្រុមហ៊ូធី របស់ប្រទេសយេម៉ែននោះទេ។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ខណៈពេលដែលឆ្លើយតបទៅនឹង អ្នកយកព័ត៌មានរបស់បណ្តាញព័ត៌មាន Al Jazeera ដែលបានដកស្រង់អ្នកជំនាញនយោបាយថា អ៊ីរ៉ង់ បានផ្គត់ផ្គង់មីស៊ីលលឿនជាងសំឡេង ឬយ៉ាងហោចណាស់បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍប្រភេទមីស៊ីលទាំងនោះ ទៅឱ្យក្រុមហ៊ូធី។

លោក Pezeshkian បានលើកឡើងថា អ៊ីរ៉ង់មានមីស៊ីលលឿនជាងសំឡេង ប៉ុន្តែមិនមែនជាប្រភេទ ដែលក្រុមហ៊ូធី មាន ឬកំពុងប្រើប្រាស់នោះទេ ដោយលោកបានបន្ថែមថា ក្រុមហ៊ូធី ខ្លួនឯងបានបង្កើតមីស៊ីលប្រភេទនេះ ជាបន្តបន្ទាប់។

លោកបានបន្ដថា វាមិនអាចទៅរួចទេ សម្រាប់អ៊ីរ៉ង់ក្នុងការបញ្ជូនមីស៊ីល ទៅកាន់ប្រទេសយេម៉ែនដោយសម្ងាត់ នៅពេលដែលវាចំណាយពេល លើសពីមួយសប្តាហ៍ ដើម្បីបញ្ជូនកងកម្លាំងមនុស្ស ទៅកាន់ប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Pezeshkian បានលើកឡើងថា អ៊ីរ៉ង់ និងក្រុមហ៊ីធី បានសម្របសម្រួល និងជួយគ្នាទៅវិញទៅមក ហើយបានធ្វើការរួមគ្នាប្រឆាំងនឹង “អំពើប្រល័យពូជសាសន៍” របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top