ព័ត៌មានអន្តរជាតិ

វៀតណាម ត្រូវការថវិកាជាង ១១៨លានដុល្លារ ដើម្បីជួសជុលផ្លូវ ដែលបានរងការ ខូចខាតដោយសារព្យុះទីហ្វុង Yagi

VN Express

បរទេស ៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម បានប៉ាន់ប្រមាណថា ទឹកប្រាក់ប្រហែល ២,៩ ពាន់ពាន់លានដុង ស្មើនឹង ១១៨,៣ លានដុល្លារអាមេរិក គឺត្រូវការដើម្បីជួសជុលផ្លូវហាយវេ ដែលរងការខូចខាត ដោយព្យុះទីហ្វុង Yagi នៅភាគខាងជើងប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ផ្ញើ ជូននាយករដ្ឋមន្ត្រី ស្តីពីការយកឈ្នះលើផលវិបាក នៃព្យុះទីហ្វុង ក្រសួងបាននិយាយថា នៅតាមបណ្តោយផ្លូវជាតិពីខេត្ត Thanh Hoa ភាគកណ្តាលទៅកាន់ខេត្តភាគខាងជើង ទីតាំងសរុបចំនួន ៤.១៧៧ ត្រូវបានខូចខាត រួមទាំងផ្លាកសញ្ញាផ្លូវ ស្ថានីយបង់ប្រាក់ និងស្ពាននៅលើទឹក។ ក្នុងនោះមាន ៣.៩២៤ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការបាក់ដី ។

បច្ចុប្បន្ននេះ នៅសល់តែ១២ទីតាំងប៉ុណ្ណោះ មិនទាន់ត្រូវ បានឈូសឆាយ ព្រោះទីតាំងទាំងនោះ ស្ថិតនៅតំបន់ដីដែលពិបាក ចូលប្រើប្រាស់គ្រឿង ចក្រសំណង់។ ចំណែកវិស័យដឹកជញ្ជូន ក៏ត្រូវជួសជុល២៤៦កន្លែងក្នុងចំណោម២៥៣ទីតាំងដោយសារទឹកជំនន់។

អង្គភាពក្នុងវិស័យនេះ បានសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាបន្ទាន់ ដើម្បីជួយក្រុមស្វែងរក និងជួយសង្គ្រោះ និងផ្លូវច្បាស់លាស់ ដើម្បីអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញសំខាន់ៗបម្រើប្រជាពលរដ្ឋ៕
ប្រែសម្រួលៈ ណៃ តុលា

To Top