ភ្នំពេញ៖ លោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងតំបន់អាស៊ានបានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការ ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ការថ្លែងកោតសរសើរខាងលើនេះ ធ្វើឡើង ក្នុងឱកាសលោក ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សានៅមានវិមានសន្តិភាព នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
ក្នុងជំនួបនេះ លោក Tony Blair ជម្រាបជូនសម្ដេចធិបតីអំពី សកម្មភាពការងាររបស់វិទ្យាស្ថានTony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទាន ផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាល នៅលើពិភពលោក។ លោក Tony Blair បានបង្ហាញអំពីបំណង នៃការផ្តល់កិច្ចសហការ ជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកសម្រេចបាន នូវគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ និងបេសកកម្មរបស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណ ចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការផ្តល់កិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ក៏បានសង្ខេប នូវសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ទិសដៅបន្ត និងចក្ខុវិស័យ ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន Tony Blair បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សា លើកិច្ចសហប្រតិបត្តិការជាក់លាក់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
សម្ដេចធិបតី និង លោក Tony Blair ក៏បានផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈអំពីវិស័យសក្ដានុពល សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមានជាអាទិ៍៖ វិស័យអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យឌីជីថល និងការវិនិយោគ ជាដើម៕