ព័ត៌មានអន្តរជាតិ

IAEA ព្យាករណ៍ពីកំណើនដ៏រឹងមាំ នៃកំណើនថាមពលនុយក្លេអ៊ែរនៅឆ្នាំ២០៥០

xinhua

ហ្សឺណែវ៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានព្យាករណ៍ពីកំណើនដ៏រឹងមាំនៃថាមពលនុយក្លេអ៊ែរនៅទូទាំងពិភពលោកនៅឆ្នាំ 2050 នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបង្ហាញការព្យាករណ៍ចំនួនពីរ សម្រាប់ការដាក់ពង្រាយថាមពលនុយក្លេអ៊ែរ ជាសកលនៅក្នុងរបាយការណ៍ “ការប៉ាន់ប្រមាណថាមពល អគ្គិសនី និងថាមពលនុយក្លេអ៊ែរ សម្រាប់រយៈពេលរហូតដល់ឆ្នាំ២០៥០”។ 

ការព្យាករណ៍ករណីទាបមើលឃើញថាមានការកើនឡើងប្រហែល ៤០ភាគរយនៅក្នុងសមត្ថភាពប្រតិបត្តិការនុយក្លេអ៊ែរសកលពី ៣៧២ Gigawatt electric (GW(e)) ក្នុងឆ្នាំ២០២៣ ដល់ ៥១៤ GW (e) នៅឆ្នាំ២០៥០។

នៅក្នុងការព្យាករណ៍ករណីខ្ពស់ សមត្ថភាពប្រតិបត្តិការនុយក្លេអ៊ែរសកល ត្រូវបានព្យាករណ៍ថានឹងឈានដល់ ៩៥០ GW (e) នៅឆ្នាំ២០៥០ ប្រហែល ២,៥ដងនៃតួលេខនៅឆ្នាំ២០២៣ ជាមួយនឹង “ការរួមចំណែកយ៉ាងសំខាន់ពីរ៉េអាក់ទ័រម៉ូឌុលតូច” ។

របាយការណ៍បានបន្ដថា “គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលគាំទ្រ ក្របខ័ណ្ឌហិរញ្ញប្បទានអំណោយផលបន្ថែមទៀត ការវិនិយោគក្នុងបណ្តាញ និងការអភិវឌ្ឍន៍កម្លាំងការងារ” គឺចាំបាច់ដើម្បីសម្រេចបាននូវសេណារីយ៉ូករណីខ្ពស់។

អគ្គនាយក IAEA លោក Rafael Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សន្ទុះពិភពលោកនៅពីក្រោយថាមពលនុយក្លេអ៊ែរនៅតែបន្តក្នុងល្បឿន ការព្យាករណ៍ថ្មីរបស់ IAEA ឆ្លុះបញ្ចាំងពីការបង្កើនការទទួលស្គាល់ថាមពលនុយក្លេអ៊ែរ ជាការផ្គត់ផ្គង់ថាមពលស្អាត និងសុវត្ថិភាព”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top