បរទេស៖ ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានបាញ់មីស៊ីលផ្លោង “ច្រើន” គ្រាប់ នៅថ្ងៃពុធនេះ ដែលជាការបង្ហាញកម្លាំងចុង ក្រោយបង្អស់ក្នុងរយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ ពីការចេញផ្សាយរូបភាពដំបូងនៃកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើន ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិនៅទីក្រុងតូក្យូបាននិយាយថា ការបាញ់ចុងក្រោយបង្អស់ដែលបាន កើតឡើងនៅចន្លោះម៉ោង 6:53 ព្រឹកដល់ម៉ោង 7:23 ព្រឹក បានឃើញគ្រាប់កាំជ្រួចបានធ្លាក់ចូលទៅក្នុងទឹក នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
ក្រសួងដែលជាធម្មតារៀបរាប់លម្អិត អំពីគន្លងនៃការបាញ់បង្ហោះបែបនេះ មិនបានផ្តល់នូវផែនទីនៃការបាញ់ ឬព័ត៌មានណាមួយអំពីចម្ងាយបាញ់របស់កាំជ្រួចនោះទេ។
ចំណែកយោធាកូរ៉េខាងត្បូងក៏បានបញ្ជាក់ពីការបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ផងដែរ ដោយនិយាយថា សព្វាវុធទាំងអស់ បានហោះបានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ (២៥០ ម៉ាយ) ប៉ុន្តែមិនបានរាយការណ៍ពីចំនួន ពិតប្រាកដដែលបានបាញ់នោះទេ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធារបស់យើងនឹងរក្សាសមត្ថភាព និងការប្តេជ្ញាចិត្តក្នុងការឆ្លើយតបយ៉ាង លើសលប់ចំពោះការបង្កហេតុណាមួយ” ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលទីក្រុងតូក្យូបាននិយាយថា ខ្លួនបានតវ៉ាយ៉ាងខ្លាំងចំពោះការបាញ់នេះ ដោយបានហៅសកម្មភាពថ្មីៗដែលធ្វើឡើងដោយកូរ៉េខាងជើងថា ជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃប្រទេសរបស់ជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ ហើយបន្ថែមថា ជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីវិភាគការបាញ់បង្ហោះនេះ៕
ប្រែសម្រួលៈ ណៃ តុលា