ព័ត៌មានអន្តរជាតិ

មេបញ្ជាការរុស្ស៊ីថា ទីតាំងសាកល្បងអាវុធ នុយក្លេអ៊ែររុស្ស៊ី នៅតំបន់អាក់ទិក ត្រៀមរួចរាល់ហើយ

sputnik

បរទេស៖ លោក Andrey Sinitsyn ឧត្តមនាវីឯករបស់រុស្ស៊ី បាននិយាយថា ទីតាំង Novaya Zemlya របស់រុស្ស៊ី នៅតំបន់អាក់ទិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការសាកល្បង នុយក្លេអ៊ែរ នៅពេលណាក៏បាន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីតាំង Novaya Zemlya ដែលមានទីតាំងនៅលើកោះ ដែលមានឈ្មោះដូចគ្នា ក្នុងមហាសមុទ្រអាកទិក ធ្លាប់ជាកន្លែងសាកល្បង នុយក្លេអ៊ែរដ៏សំខាន់មួយ របស់សហភាពសូវៀត ។ រុស្ស៊ីបានបាញ់បំផ្ទុះលើកចុងក្រោយ នៅទីនោះក្នុងឆ្នាំ១៩៩០ ប៉ុន្តែចាប់តាំង ពីពេលនោះមកបានផ្អាក ការសាកល្បងនុយក្លេអ៊ែរ។

លោក Sinitsyn បានប្រាប់កាសែតភាសារុស្ស៊ី Rossiyskaya Gazeta កាលពីថ្ងៃអង្គារថា ទោះបីជាទីតាំងមិនត្រូវបានប្រើ សម្រាប់គោលបំណង ដែលបានគ្រោងទុកសម្រាប់រយៈពេល ៣៤ឆ្នាំមកហើយក៏ដោយ ក៏ហេដ្ឋារចនាសម្ព័ន្ធរបស់ទីតាំងនេះ ត្រូវបានរក្សាទុក ហើយវានៅតែ “ត្រៀមខ្លួនជាស្រេច ដើម្បីបន្តសកម្មភាព សាកល្បងពេញលេញ” ដដែល ។

លោកបានបន្តថា៖ «វាបានត្រៀមខ្លួនជាស្រេចហើយ ។ បន្ទប់ពិសោធន៍ និងមូលដ្ឋានសាកល្បង បានត្រៀមខ្លួនជាស្រេច។ បុគ្គលិកបានត្រៀមខ្លួនជាស្រេច ។ ប្រសិនបើយើងទទួលបទបញ្ជា នោះយើងអាចចាប់ផ្តើម ធ្វើតេស្តបានគ្រប់ពេល»។

មេបញ្ជាការរូបនេះបានបន្ថែមថា ប្រសិនបើភាគី នៅ Novaya Zemlya ត្រូវបានប្រាប់ឱ្យបន្តការ សាកល្បង នុយក្លេអ៊ែរឡើងវិញ កិច្ចការនេះ “នឹងត្រូវបានបំពេញ តាមកាលកំណត់” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top