ព័ត៌មានអន្តរជាតិ

Update: វិមានក្រឹមឡាំងថា ការពង្រីកចំនួនទ័ព រហូតដល់ជិត២លាន៤សែននាក់ ដោយសារតែមាន ការគំរាមកំហែង ពីសត្រូវនៅតាមព្រំដែន

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការពង្រីកចំនួនយោធារបស់រុស្ស៊ី គឺត្រូវបានធ្វើឡើង ដោយសារតែបរិយាកាស អរិភាពនាពេលបច្ចុប្បន្ន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើនចំនួនបុគ្គលិក នៅក្នុងកងកម្លាំងប្រដាប់ អាវុធរហូតដល់ជិត ២លាន៤សែននាក់ រួមទាំងសមាជិកសេវាកម្ម ១លាន៥សែននាក់ផងដែរ ។

កាលពីថ្ងៃអង្គារលោក Peskov បានពន្យល់ថា ការសម្រេចបង្កើន ចំនួនយោធានេះត្រូវបានលើកទឹកចិត្ត “ដោយចំនួន នៃការគំរាមកំហែង ដែលមានសម្រាប់ប្រទេសរុស្ស៊ី នៅតាមព្រំដែនរបស់យើង” ។ លោកបានបន្ថែមថា បរិស្ថានគឺ “អរិភាពខ្លាំង” សម្រាប់រុស្ស៊ីនៅលោកខាងលិច និង ភាព “មិនស្ថិតស្ថេរ” នៅតំបន់បូព៌ា ដែលជាស្ថានភាព “ទាមទារវិធានការសមស្រប” ។

ការបង្កើនកម្លាំងទ័ពពីមុនរបស់រុស្ស៊ី បានកើតឡើង កាលពីខែធ្នូឆ្នាំមុន នៅពេលដែលចំនួនរបស់កងទ័ព ត្រូវបានកើនឡើងដល់ត្រឹមតែជាង ២លាន២សែននាក់ រួមទាំងទាហាន ១លាន៣សែននាក់ ។

ទីក្រុងមូស្គូបានតវ៉ា អស់ជាច្រើន ទស្សវត្សមកហើយជុំវិញ ការពង្រីកឥទ្ធិពលរបស់អង្គការណាតូនៅអឺរ៉ុប ដោយចាត់ទុកការពង្រីកនេះ ជាការគំរាមកំហែង ដល់សន្តិសុខជាតិរុស្ស៊ី ។ មន្ត្រីរុស្ស៊ីបានលើកឡើងពីចេតនានាំអ៊ុយក្រែន ចូលក្នុងជួរនៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា ជាមូលហេតុចម្បង នៃជម្លោះបច្ចុប្បន្ន ។

វិមានក្រឹមឡាំងចាត់ទុកអរិភាពថាជាសង្គ្រាមប្រូកស៊ី ឬសង្គ្រាមតំណាង ដែលធ្វើឡើងដោយលោកខាងលិច ហើយបានចោទសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា មានចេតនាធ្វើឱ្យមានការកើនឡើង ភាពតានតឹង។ ទីក្រុងមូស្គូជឿជាក់ថា សហរដ្ឋអាមេរិកមានបំណងចង់ប្រយុទ្ធជាមួយ “អ៊ុយក្រែនចុងក្រោយ” ដរាបណាវាអាចធ្វើឱ្យ ខូចខាតដល់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top