ប៊ែកឡាំង៖ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានធ្វើឡើងនៅកិច្ចប្រជុំកំពូល ដែលបានចាប់ផ្តើមនៅក្រុងប៊ែកឡាំង កាលពីថ្ងៃអង្គារ បានដាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ និងដៃគូរបស់ខ្លួនបានសន្យាថា នឹងបណ្តាក់ទុនដែលមានទឹកប្រាក់ប្រមាណ ១២ពាន់លានអឺរ៉ូ ស្មើនឹង១៣,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០៣០ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍របស់ពួកគេ ។
នៅក្នុងសេចក្តីប្រកាសដែលបានធ្វើឡើងរួមគ្នានេះ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍រដ្ឋ KfW និងក្រុមហ៊ុនផ្សេងៗទៀត គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមួយក្នុងគោលបំណង លើកកម្ពស់ការចាប់ផ្ដើមអាជីវកម្ម និងបង្កើនការបណ្តាក់ទុនឯកជន និងដើមទុនសម្រាប់ការធ្វើនវនុវត្តន៍ នៅក្នុងប្រទេសអាល្លឺម៉ង់ ។
ការចាប់ផ្ដើមអាជីវកម្មរបស់អាល្លឺម៉ង់ បានប្រឈមមុខនឹងការលំបាកជាយូរមកហើយ ក្នុងការធានាដើមទុនក្នុងដំណាក់កាល រីកចម្រើនរបស់ពួកគេ ។ ក្រសួងហិរញ្ញវត្ថុសហព័ន្ធបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទាំងនេះ ក្នុងនាមជាអ្នកជំរុញការច្នៃប្រឌិតនៃសេដ្ឋកិច្ចអាល្លឺម៉ង់ ទាមទារឲ្យមានហិរញ្ញវត្ថុគ្រប់គ្រាន់ និងរចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ដើម្បីរីកចម្រើនប្រែក្លាយទៅជា ក្រុមហ៊ុនប្រកួតប្រជែង និងដើម្បីរួមចំណែកដល់ការងារ ដែលធ្វើឲ្យមានភាពរុងរឿង និងការច្នៃប្រឌិតរយៈពេលវែងនៅក្នុងប្រទេស ។
លោក Christian Lindner រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានថ្លែងថា ទីផ្សារមូលធនបណ្តាក់ទុនរបស់ប្រទេសអាល្លឺម៉ង់ គឺតូចជាងគេខ្លាំងណាស់ បើប្រៀបធៀបទៅនឹងអន្តរជាតិ ។ លោកបានកត់សម្គាល់ដែរថា អ្នកវិនិយោគិនអាល្លឺម៉ង់ ជាច្រើនមានការប្រុងប្រយ័ត្ន ដែលជាមូលហេតុដែលធ្វើឲ្យគំនិតផ្តួចផ្តើមថ្មីនេះ មានសារៈសំខាន់ណាស់ ។
លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានថ្លែងយ៉ាងដូច្នេះថា “គំនិតផ្តួចផ្តើមនេះមានគោលបំណងគៀរគរ ការវិនិយោគឯកជននៅក្នុងមូលធនបណ្តាក់ទុន ការចាប់ផ្តើមអាជីវកម្ម និងបច្ចេកវិទ្យានវានុវត្តន៍” ។ ដោយបានសង្កត់ធ្ងន់ថា វានឹងធ្វើការដើម្បីពង្រឹងប្រទេសអាល្លឺម៉ង់ ឲ្យក្លាយជាទីតាំងអាជីវកម្មដ៏រឹងមាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា