ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហេបូឡាហ៍ ប្តេជ្ញាថា នឹងសងសឹកទៅលើអ៊ីស្រាអ៊ែលវិញ ក្រោយពីមានការបំផ្ទុះគ្រាប់បែក នៅទូទាំងប្រទេសលីបង់ បណ្តាលឲ្យស្លាប់មនុស្សចំនួន៩នាក់ និងបង្ករបួសរាប់ពាន់នាក់

AFP

បេរ៉ាត់៖ ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍  (Hezbollah) បានប្តេជ្ញាថា នឹងធ្វើការសងសឹកទៅលើអ៊ីស្រាអ៊ែលវិញ ក្រោយពីបានចោទប្រកាន់ថា ខ្លួនបានបំផ្ទុះគ្រាប់បែកនៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សអស់ចំនួន ៩នាក់ និងបង្ករបួសជិត៣.០០០នាក់ ក្នុងនោះរួមទាំងអ្នកប្រយុទ្ធ និងបេសកជនអ៊ីរ៉ង់ប្រចាំនៅទីក្រុងបេរ៉ាត់ ផងដែរ ។

លោក Ziad Makary រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសលីបង់ បានថ្កោលទោសទៅលើការបំផ្ទុះកាលពីពេលរសៀល ដោយឃើញមានអ្នកតាមដាន ដែលបានប្រើឧបករណ៍យួរដៃ ដែលក្រុមហេបូឡាហ៍ និងអ្នកផ្សេងទៀតនៅក្នុងប្រទេសលីបង់ ប្រើដើម្បីផ្ញើសារថា ជា “ការឈ្លានពានរបស់អ៊ីស្រាអ៊ែល” ។ ក្រុមហេសបូឡាហ៍ បានលើកឡើងថា អ៊ីស្រាអ៊ែល នឹងទទួលបាន “ការដាក់ទណ្ឌកម្មដោយយុត្តិធម៌” សម្រាប់ការបំផ្ទុះគ្រាប់បែកនេះឡើង ។

យោធារបស់អ៊ីស្រាអ៊ែល ដែលបានចូលរួមក្នុងការប្រយុទ្ធឆ្លងព្រំដែន ជាមួយក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នោះ ចាប់តាំងពីសង្គ្រាមហ្គាហ្សាហ៍បានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន បានបដិសេធមិនឆ្លើយតបទៅនឹង ការចោទសួរអំពីការបំផ្ទុះគ្រាប់បែកនោះឡើយ ។

ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងពី ៨ទៅ៩នាក់នៅយប់ថ្ងៃអង្គារ ខណៈដែលចំនួនអ្នករបួសនៅតែមានចំនួន ២.៧៥០នាក់ ។

ក្រុមហេបូឡាហ៍ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅមុននេះថា ការស្លាប់បូករួមទាំងអ្នកប្រយុទ្ធ ២នាក់ និងក្មេងស្រីវ័យក្មេងម្នាក់ទៀតផង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top