ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ជំរុញឱ្យអ៊ីស្រាអែល ដកខ្លួនចេញ ពីច្រករបៀង Rafah និង Philadelpphi

xinhua

គែរ ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជំរុញឱ្យមានការដកកងទ័ព អ៊ីស្រាអែល ចេញពីទឹកដី នៃភាគីប៉ាឡេស្ទីន នៅច្រកឆ្លងកាត់ Rafah និងច្រករបៀង Philadelphi នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Abdelatty បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំ របស់លោកនៅទីក្រុងគែរ ជាមួយលោក Tor Wennesland ដែលជាអ្នកសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាព នៅមជ្ឈិមបូព៌ា ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីអេហ្ស៊ីបបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អ៊ីស្រាអែល ក្នុងការទទួលយកការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីន (PA) ដើម្បីគ្រប់គ្រងច្រកឆ្លងកាត់ Rafah ដែលនឹងអនុញ្ញាតឱ្យមានដំណើរការឡើងវិញ នៃប្រតិបត្តិការឆ្លងកាត់។

លោកក៏បានសង្កត់ធ្ងន់លើការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ក្នុងការរក្សាឋានៈរបស់អាជ្ញាធរប៉ាឡេស្ទីន ជារដ្ឋាភិបាលកណ្តាល សម្រាប់ការគ្រប់គ្រងតំបន់វេសបែង និងតំបន់ហ្គាហ្សា។

លោក Abdelatty បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អេហ្ស៊ីប ក្នុងការសម្របសម្រួលបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌ដល់បន្ទះនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុញ្ញាតឱ្យភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ជាពិសេសទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ដើម្បីអនុវត្តទំនួលខុសត្រូវរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top