ព័ត៌មានអន្តរជាតិ

ប៉ូលិស​អូស្ត្រាលី ចាប់ខ្លួន​មេខ្លោង​បណ្តាញ ​ឧក្រិដ្ឋកម្ម​ពិភពលោកម្នាក់

xinhua

កង់បេរ៉ា ៖ ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) បានធ្វើការវាយឆ្មក់នៅទូទាំងប្រទេស បន្ទាប់ពីបានជ្រៀត ចូលទៅក្នុងវេទិកាផ្ញើសារ ដែលប្រើសម្រាប់ទំនាក់ទំនងឧក្រិដ្ឋកម្ម និងបានចាប់ខ្លួន​មេខ្លោង​បណ្តាញ ​ឧក្រិដ្ឋកម្ម​ពិភពលោកម្នាក់ និងមនុស្សជាច្រើននាក់។

AFP កាលពីថ្ងៃអង្គារបានអនុវត្តដីកា ស្វែងរកនៅទូទាំងរដ្ឋចំនួន៣ ក្រោមប្រតិបត្តិការ Kraken ដោយធ្វើឱ្យមានការចាប់ខ្លួនមនុស្ស ៣៨នាក់ និងរឹបអូសថ្នាំញៀន ២០៥ គីឡូក្រាម អាវុធ ២៥ដើម និងសាច់ប្រាក់ ១,២លានដុល្លារអូស្ត្រាលី (៨១១,៣៨១ដុល្លារអាមេរិក)។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះមានបុរសជនជាតិអាយុ ៣២ឆ្នាំឈ្មោះ Jay Je Yoon Jung ដែលត្រូវបានចោទប្រកាន់ដោយ AFP ពីបទបង្កើត និងគ្រប់គ្រង “Ghost” ដែលជាវេទិកាផ្ញើសារដែលបានអ៊ិនគ្រីប ដែលអាជ្ញាធរអះអាងថាត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រើប្រាស់ដោយឧក្រិដ្ឋជន។

AFP បានចោទប្រកាន់ថា លោក Jung ថាបានបើកដំណើរការវេទិកានេះ នៅក្នុងឆ្នាំ២០១៥ ហើយបានប្រមូលប្រាក់ រាប់រយពាន់ដុល្លារ ពីកិច្ចព្រមព្រៀងរបស់លោក ។ លោកត្រូវបានចោទប្រកាន់ពីបទជួយអង្គការ ឧក្រិដ្ឋកម្មមួយ ទាក់ទងនឹងប្រាក់ដែលសង្ស័យថា ជាឧក្រិដ្ឋកម្ម និងបទល្មើសរូបិយប័ណ្ណគ្រីបតូ ។

មេបញ្ជាការ AFP លោក Paula Hudson ប្រធានប្រតិបត្តិការ Kraken បានប្រាប់ទូរទស្សន៍ Australian Broadcasting Corporation ថា “យើងប្រកាន់ថា វេទិកានេះត្រូវបានប្រើសម្រាប់ឧក្រិដ្ឋកម្ម និងឧក្រិដ្ឋកម្មរៀបចំយ៉ាងធ្ងន់ធ្ងរ ការជួញដូរគ្រឿងញៀន ការនាំចូលគ្រឿងញៀន ការជួញដូរថ្នាំជក់ ការជួញដូរអាវុធ ការលាងលុយកខ្វក់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top