បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប៉ូលីសនៅក្នុងរដ្ឋញូវយ៉កបានបដិសេធសេចក្តីរាយការណ៍អំពីការរកឃើញគ្រាប់បែកមួយនៅក្នុងរថយន្តនៅខាងក្នុងបរិវេណសន្តិសុខនៃទីតាំងនៃការប្រមូលផ្តុំនាពេលខាងមុខសម្រាប់រៀបចំធ្វើយុទ្ធនាការបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump ។
តាមផែនការបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍យុទ្ធនាការរបស់លោកនៅឯកន្លែងប្រជុំកោះ Long Island ភាគខាងកើតទីក្រុងញូវយ៉កនៅល្ងាចថ្ងៃពុធម្សិលមិញនេះប៉ុន្តែភ្លាមៗមានការរាយការណ៍អំពីដំណឹងសង្ស័យនេះ។
ក្រោយការរាយការណ៍សត្វឆ្កែប៉ូលីសត្រូវបានគេដឹងថាបានហិតក្លិនរកឃើញគ្រឿងផ្ទុះនៅក្នុងរថយន្តមួយ ហើយអ្នកបើកបរបានរត់ចូលទៅក្នុងព្រៃ។ គ្មានអ្នកណាឃើញថាគាត់មានអ្វីរត់ទៅជាមួយនោះគាត់ទេ គេគ្រាន់តែឃើញគាត់រត់ចេញទៅបាត់តែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក្តីក្រោយមកក្រុមប៉ូលីសក្នុងតំបន់បានបដិសេធរបាយការណ៍នេះទៅវិញ។
លោក Patrick Ryder ស្នងការប៉ូលីសក្នុងតំបន់ Nassau បានប្រាប់អ្នកយកព័ត៌មានថា របាយការណ៍នៃការរកឃើញគ្រឿងផ្ទុះនៅទីតាំងនោះ គឺគ្មានមូលដ្ឋាននោះទេហើយមកទល់នឹងពេលនេះមានមនុស្សម្នាក់ដែលកំពុងត្រូវបានគេចោទសួរថា ហើយតាមការសង្ស័យថាវាអាចនឹងមាននរណាម្នាក់កំពុងហ្វឹកហាត់ឆ្កែរកគ្រាប់បែកនៅក្បែរកន្លែងនោះប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាអ្នកគាំទ្រគណបក្សសាធារណរដ្ឋរាប់ពាន់នាក់បានតម្រង់ជួររួចហើយនៅខាងក្រៅ Nassau Coliseum ជាកន្លែងដែល Trump ត្រូវបានគេសន្មត់ថានឹងចេញមកធ្វើការថ្លែងការណ៍នៅម៉ោង៧យប់ម៉ោងក្នុងស្រុកហើយ អ្នកខ្លះត្រូវបានគេរាយការណ៍ថាបានបោះជំរំនៅខាងក្រៅពេញមួយយប់ដើម្បីទទួលបានកៅអីល្អនៅក្នុងព្រឹត្តិការណ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី