ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីលីបង់ថា លីបង់កំពុងស្ថិតក្នុងសង្គ្រាម បន្ទាប់ពីប្រជាជន ជាង៣០នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតរបួស ដោយសារការបំផ្ទុះគ្រឿង អេឡិកត្រូនិក

RT News

បរទេស ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា ប្រទេសរបស់លោក កំពុងមានសង្រ្គាម បន្ទាប់ពីឧបករណ៍ អេឡិចត្រូនិក បានផ្ទុះនៅទូទាំងប្រទេស រយៈពេលពីរថ្ងៃជាប់ៗគ្នា ដោយបានសម្លាប់មនុស្សជាង ៣០ នាក់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមអាជ្ញាធរសុខាភិបាលលីបង់ថា កាលពីថ្ងៃអង្គារ ឧបករណ៍ទំនាក់ទំនងដែលប្រើប្រាស់ដោយសមាជិកនៃក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បានបំផ្ទុះក្នុងពេលដំណាលគ្នា ដោយបានសម្លាប់មនុស្ស ១២ នាក់ និងរបួសជិត ៣.០០០នាក់ ។ មនុស្ស ២០ នាក់ផ្សេងទៀតបានបាត់បង់ជីវិត និង ៤៥០ នាក់ផ្សេងទៀតបានរងរបួសនៅថ្ងៃបន្ទាប់ នៅពេលដែលឧបករណ៍អេឡិចត្រូនិករាប់ពាន់ផ្សេងទៀតរួមទាំង អាយកូម walkie-talkies, កុំព្យូទ័រយួរដៃ និងវិទ្យុបានផ្ទុះឡើង។

ក្រុមហេសបូឡា និងរដ្ឋាភិបាលនៅទីក្រុងបេរូត ប្រទេសលីបង់ បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនេះ។ យ៉ាងណាក៏ដោយ អ៊ីស្រាអែលមិនបានបញ្ជាក់ ឬបដិសេធការទទួលខុសត្រូវឡើយ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា សេវាសម្ងាត់របស់អ៊ីស្រាអែល Mossad បានបង្កើតឧបករណ៍អេឡិចត្រូនិចរាប់ពាន់គ្រឿងជាមួយនឹងគ្រឿងផ្ទុះតូចៗ ដែលត្រូវបានបង្កឡើងតាមរយៈសញ្ញាពីចម្ងាយ។

នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានធ្វើដំណើរទៅមន្ទីរពេទ្យជាកន្លែងដែលជនរងគ្រោះនៃរលកទីមួយនៃការផ្ទុះកំពុងត្រូវបានព្យាបាល នៅពេល ដែលរបាយការណ៍នៃការបំផ្ទុះបន្ថែមទៀតបានចូលមកកាលពីថ្ងៃពុធ នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី។ លោកបានប្រាប់អ្នកសារព័ត៌មានថា “ឧក្រិដ្ឋកម្មដ៏ធំនេះ… ប្រឆាំងនឹងមនុស្សគ្មានទីពឹងនៅក្នុងផ្ទះរបស់ពួកគេ ដែលត្រូវបានសម្លាប់តាមរបៀបនេះ គឺមិនអាចពិពណ៌នាបាន”៕
ប្រែសម្រួលៈ ណៃ តុលា

To Top