បរទេស ៖ ការដំឡើងកាមេរ៉ាសុវត្ថិភាពនៅជុំវិញសាលារៀនជប៉ុន មួយក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ត្រូវបានបញ្ចប់នៅថ្ងៃសុក្រនេះ ខណៈដែលប្រទេសជប៉ុន បានអំពាវនាវឱ្យពង្រឹងសន្តិសុខ បន្ទាប់ពីការចាក់សម្លាប់សិស្សសាលាអាយុ ១០ឆ្នាំម្នាក់ កាលពីដើមសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយអាជ្ញាធរមិនទាន់បង្ហាញ អំពីហេតុផល របស់ជនសង្ស័យអាយុ ៤៤ឆ្នាំ នៅក្នុងហេតុការណ៍ ចាក់សម្លាប់នេះទេ ។ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានប្រាប់ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅប្រទេសចិន លោក Kenji Kanasugi កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារនេះ គឺជា “ឧបទ្ទវហេតុដាច់ដោយឡែក” ដែលប្រព្រឹត្ត ដោយបុគ្គលដែលមាន ប្រវត្តិឧក្រិដ្ឋកម្ម ។ នេះបើយោងតាមទៅតាមស្ថានទូតជប៉ុន ប្រចាំនៅទីក្រុងប៉េកាំង ។
ក្មេងប្រុសដែលឪពុក របស់គាត់ជាជនជាតិជប៉ុន និងម្តាយជាជនជាតិចិន ត្រូវបានចាក់សម្លាប់នៅចម្ងាយប្រហែល ២០០ ម៉ែត្រពីខ្លោងទ្វារ សាលាកាលពីព្រឹកថ្ងៃពុធ ។ យោងតាមរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា ដោយរបួសត្រង់ពោះ គាត់បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Shenzhen បានផ្សាយនៅថ្ងៃសុក្រថា ជនសង្ស័យមានឈ្មោះ Zhong បានសារភាពថា ខ្លួនពិតជាបានចាក់ក្មេង ប្រុសរងគ្រោះដោយកាំបិត ហើយអាជ្ញាធរក្នុងតំបន់ជឿថា រូបគេបានធ្វើសកម្មភាពតែម្នាក់ឯង។
របាយការណ៍ក៏ បាននិយាយផងដែរថា បុរសអត់ការងារធ្វើរូបនេះ ធ្លាប់ត្រូវបានឃុំខ្លួនពីរដង កាលពីពេលកន្លងទៅមកហើយ ពីបទសង្ស័យថា បានបំផ្លិចបំផ្លាញទូរគមនាគមន៍សាធារណៈ ក៏ដូចជារំខានដល់សណ្តាប់ធ្នាប់សាធារណៈ ។ ការដំឡើងកាមេរ៉ាសុវត្ថិភាពបន្ថែមនៅក្បែរសាលា និងកន្លែងប្រព្រឹត្តបទល្មើស បានចាប់ផ្ដើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ៕