រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូនទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសឲ្យដឹងថា ប្រទេស រុស្ស៊ី គ្រោងនឹងបង្កើន ការផលិតយន្តហោះ គ្មានមនុស្សបើករបស់ខ្លួន ឲ្យកើនឡើងជិតដប់ដង នៅក្នុងឆ្នាំ២០២៤នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។
នៅក្នុងកិច្ចប្រជុំ នៃគណៈកម្មការឧស្សាហកម្មយោធា ស្តីពីគោលបំណងពិសេស ហៅថា UAVs ដែលជាយន្តហោះគ្មានមនុស្សបើក លោក ពូទីន បានថ្លែងថា យន្តហោះគ្មានមនុស្សបើកប្រហែល១៤០.០០០ គ្រឿង នៃប្រភេទផ្សេងៗ គ្នាត្រូវបានបញ្ជូនទៅឲ្យកងកម្លាំង ប្រដាប់អាវុធក្នុងឆ្នាំ២០២៣ ។ ក្នុងឆ្នាំបច្ចុប្បន្ន នេះ ការផលិតយន្តហោះគ្មានមនុស្ស បើកត្រូវបានគេរំពឹងថា នឹងពង្រីកយ៉ាងខ្លាំងថែមទៀតនៅក្នុងឆ្នាំនេះ ទន្ទឹមនឹងនេះដែរ ផ្នែកនៃប្រព័ន្ធគ្មានមនុស្ស បើកកំពុងពង្រីកបន្ថែម ហើយទូកគ្មានអ្នកបើកកំពុងត្រូវបានបង្កើតឡើងផងដែរ ។
ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា នៅឆ្នាំ២០៣០ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតចំនួន៤៨សម្រាប់ការរចនា ការធ្វើតេស្ត និងការផលិតប្រភេទយាន ទាំងនោះនឹងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស ។
ដូចអ្វីដែលលោក ពូទីន បានធ្វើការកត់សម្គាល់នោះគឺថា គម្រោងជាតិរបស់រុស្ស៊ី ទាក់ទងនឹងប្រព័ន្ធគ្មានមនុស្សបើកបានចាប់ផ្តើមតាំងពីឆ្នាំនេះ ហើយនឹងបន្ត រហូតដល់ឆ្នាំ២០៣០។ គោលដៅសំខាន់មួយ គឺការជំរុញដល់ការអភិវឌ្ឍន៍ និងការផលិតគ្រឿងបន្លាស់ និងសម្ភារៈក្នុងស្រុក សម្រាប់យន្តហោះគ្មានមនុស្សបើក ដែលមានសារៈសំខាន់ សម្រាប់ការសម្រេចបាននូវឯករាជ្យភាព ផ្នែកបច្ចេកវិទ្យានៅក្នុងវិស័យដ៏សំខាន់មួយនេះ ។
នៅមុនពេលកិច្ចប្រជុំ ចាប់ផ្តើម លោក ពូទីន បានត្រួតពិនិត្យមជ្ឈមណ្ឌលបច្ចេកវិទ្យាពិសេស ដែលជាក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យា និងការពារជាតិ របស់រុស្ស៊ី នៅក្រុង St. Petersburg ដោយមើលប្រព័ន្ធយន្តហោះគ្មានមនុស្សបើកទំនើប ជាមួយនឹងបន្ទុកគោលដៅ និងកម្មវិធីពិសេស បូករួមទាំងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត រឺហៅថា AI ក៏ដូចជាប្រភេទអាវុធ និងឧបករណ៍ផ្សេងៗទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា