ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ពីការត្រៀម​ខ្លួន ​ការពារ​ផលប្រយោជន៍ ​ក្នុងតំបន់​អាក់ទិក ចំពេល​មាន​សមយុទ្ធ ​របស់អង្គការណាតូ

AFP

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី ដែលបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួន រួចជាស្រេច ដើម្បីការពារផលប្រយោជន៍ របស់ខ្លួននៅក្នុងតំបន់អាក់ទិក សូម្បីតែតាមរយៈមធ្យោបាយយោធា ខណៈដែលណាតូ បង្កើនសមយុទ្ធយោធារបស់ខ្លួននៅក្នុងតំបន់ ។

លោកបានលើកឡើងថា “យើងសង្កេតមើលពីរបៀបដែលណាតូ កំពុងបង្កើនសមយុទ្ធទាក់ទងនឹងវិបត្តិដែលអាចកើតមាននៅក្នុងតំបន់អាក់ទិក។ ប្រទេសរបស់យើង ត្រូវបានរៀបចំយ៉ាងពេញលេញ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនលើផ្នែកយោធា នយោបាយ និងបច្ចេកទេសយោធា” ។

ការអត្ថាធិប្បាយរបស់លោក Lavrov កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងតំបន់អាក់ទិក ដែលអង្គការណាតូ បាននិងកំពុងបង្កើនវត្តមានរបស់ខ្លួននៅទីនោះ ។

កាលពីខែកក្កដា ក្រសួងការពារជាតិ អាមេរិក បានចេញផ្សាយកំណែអាប់ដេត នៃយុទ្ធសាស្ត្រតំបន់អាក់ទិករបស់ខ្លួន ដោយរៀបរាប់ពីផែនការ សម្រាប់សមយុទ្ធយោធារួមគ្នា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីបង្ហាញពីការត្រៀម ខ្លួនប្រយុទ្ធ និងភាពស្របគ្នានៃប្រតិបត្តិការ។ 

យុទ្ធសាស្ត្រនេះក៏បង្ហាញពីចេតនាក្នុងការធ្វើការជាមួយដៃគូ ឧស្សាហកម្មក្នុងស្រុក និងកុលសម្ព័ន្ធដើមរបស់អាឡាស្កា ដើម្បីពង្រឹងការទប់ស្កាត់ ការរួមបញ្ចូលគ្នា និងបង្កើនសន្តិសុខរួមគ្នា” នៅក្នុងតំបន់។

យោងតាមយុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគ្រោងនឹងណែនាំយន្តហោះចម្បាំងពហុតួនាទីទំនើបជាង ២៥០ គ្រឿង ដែលអាចដាក់ពង្រាយ សម្រាប់ប្រតិបត្តិការនៅតំបន់អាក់ទិកនៅទសវត្សរ៍ឆ្នាំ២០៣០៕
ប្រែសម្រួល ឈូក បូរ៉ា

To Top