បរទេស ៖ ប្រទេសម៉ាឡេស៊ី បានណែនាំយ៉ាងម៉ឺងម៉ាត់ ដល់ពលរដ្ឋរបស់ខ្លួន ដែលទៅសម្រាកលំហែកាយក្នុងប្រទេសថៃ ត្រូវប្រុងប្រយ័ត្ន ខណៈដែលប្រទេសថៃ កំពុងប្រឈមមុខនឹងព្យុះ ដែលបានវាយលុកខេត្តជាច្រើន ជាមួយនឹងភ្លៀងធ្លាក់។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Ahmad Fahri Ahmad Sarkawi អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំទីក្រុង Songkhla ប្រទេសថៃ បាននិយាយថា អ្នកដំណើរដែលចូលមកប្រទេសថៃគួរតែប្រុងប្រយ័ត្នចំពោះអាកាសធាតុអាក្រក់ ហើយបានជំរុញឱ្យពួកគេជៀសវាង ការទៅលេងតំបន់កោះ។
អ្នកការទូតម៉ាឡេស៊ីរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bernama កាលពីថ្ងៃព្រហស្បតិ៍ថា “អាកាសធាតុនៅក្នុងប្រទេសថៃ នាពេលនេះពិតជាធ្ងន់ធ្ងរ ជាមួយនឹងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ ជាពិសេសនៅតំបន់កោះដូចជា នៅ Phuket”។
ឧទ្យានជាតិ Ao Phanngga ដែលជាជម្រក របស់កោះ James Bond ដ៏ល្បីល្បាញ គឺស្ថិតក្នុងចំណោមតំបន់ទាក់ទាញ ភាគខាងត្បូងដែលត្រូវបានបិទ ដោយសារតែលក្ខខណ្ឌដែលបណ្តាលមកពីព្យុះ Soulik ។
សូមជម្រាបថា ប្រជាជនម៉ាឡេស៊ី បាននឹងកំពុងសម្រុកទៅប្រទេសថៃ ក្នុងសប្តាហ៍នេះ ជាមួយនឹងស្រុក Hat Yai ក្នុងខេត្ត Songkhla គោលដៅសំខាន់របស់ពួកគេ ក្នុងអំឡុងពេលឈប់សម្រាកសិក្សា រយៈពេលមួយសប្តាហ៍ ដែលនឹងបញ្ចប់នៅចុងសប្តាហ៍នេះ។
ប្រែសម្រួលៈ ណៃ តុលា