បរទេស ៖ ក្រសួងហិរញ្ញវត្ថុ និងសុខាភិបាល របស់ប្រទេសវៀតណាម បានស្នើឱ្យរដ្ឋាភិបាលតម្លើង ពន្ធអាករលើស្រាយ៉ាងតិច១០ភាគរយ តាមអនុសាសន៍ របស់អង្គការសុខភាពពិភពលោក ។ សំណើរបស់ក្រសួងទាំងពីរ គឺជាផ្នែកមួយនៃវិសោធនកម្មច្បាប់ ស្តីពីពន្ធដារ ដែលត្រូវបានគេរំពឹងថា នឹងដាក់ជូនរដ្ឋសភាក្នុងខែតុលា និងអនុម័តនៅខែឧសភាឆ្នាំក្រោយ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អត្រាពន្ធបច្ចុប្បន្នគឺ ៦៥ភាគរយ សម្រាប់ស្រាបៀរ និង ៣៥ភាគរយ ទៅ៦៥ភាគរយ សម្រាប់ស្រាផ្សេងទៀត អាស្រ័យលើបរិមាណអាល់កុល ។
អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ឱ្យបង្កើនពន្ធយ៉ាងហោចណាស់ ១០ភាគរយ ដោយកត់សម្គាល់ថា នៅវៀតណាម ពន្ធមានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ នៃតម្លៃលក់រាយ ។
អង្គការនេះបាននិយាយថា នៅក្នុងការប្រៀបធៀប ចំពោះអត្រាពន្ធអាករដែលមានចាប់ពី ៤ឥភាគរយ ទៅ ៨៥ភាគរយ នៅក្នុងប្រទេសផ្សេងទៀត។
ដើម្បីដោះស្រាយវិសមភាពនេះ ក្រសួងហិរញ្ញវត្ថុរបស់វៀតណាម បានស្នើជម្រើសពីរសម្រាប់ការដំឡើងពន្ធគ្រឿងស្រវឹង។ ជម្រើសទី ១ បង្ហាញពីការតម្លើង ២-៣ភាគរយ ក្នុងឆ្នាំ ២០២៦ ជាមួយនឹងការកែតម្រូវប្រចាំឆ្នាំ បន្ទាប់មកដើម្បីផ្គូផ្គង អតិផរណា និងកំណើនប្រាក់ចំណូល។ ជម្រើសទី២ ស្នើឱ្យមានការកើន ឡើង ១០ភាគរយ នៅឆ្នាំ ២០២៦ បន្ទាប់មកដោយការកើនឡើងប្រចាំឆ្នាំ ២-៣ភាគរយ ក្នុងឆ្នាំបន្តបន្ទាប់។
ក្រសួងអនុគ្រោះជម្រើសទី២ ដោយជឿជាក់ថា វានឹងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងកាន់តែមានប្រសិទ្ធភាពដោយការទប់ស្កាត់អំណាចនៃការទិញ។
នៅក្នុងសន្និសីទ កាលពីថ្ងៃសុក្រស្តីពីការឡើងថ្លៃពន្ធអាករសម្រាប់គ្រឿងស្រវឹង បារី និងភេសជ្ជៈមានជាតិស្ករ តំណាងមកពីក្រសួង សុខាភិបាលក៏បានគាំទ្រវិធីសាស្រ្តនេះផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា