តូក្យូ៖ មេដឹកនាំនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដូចជាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវភាពស្របគ្នានៃឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសរបស់ពួកគេ ក្នុងការប្រឈមមុខនឹងការកើនឡើងឥតឈប់ឈររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងដែនទឹកក្បែរនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជ្រើសរើសរដ្ឋ Delaware ដែលជាស្រុកកំណើតរបស់លោក ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបួនផ្លូវនៃក្រុមដែលគេស្គាល់ថា Quad ដោយសង្ឃឹមថា នឹងកត់សម្គាល់ការកសាងភាពជាដៃគូជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាលរបស់លោក។
កិច្ចប្រជុំនៅអតីតវិទ្យាល័យរបស់លោក បៃដិន គឺវិទ្យាល័យ Archmere Academy ដែលមានទីតាំងនៅជិត Wilmington ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយអំពីកេរដំណែលរបស់លោក និងជាឱកាសសម្រាប់លោក ដើម្បីបង្ហាញពីអ្វីដែលបានសម្រេចដោយគោលនយោបាយការបរទេសដ៏សំខាន់របស់រដ្ឋបាលរបស់លោក ចាប់តាំងពីការបង្កើតឡើងជាង ៣ឆ្នាំកន្លះមុន។
វាជាលើកទីមួយហើយដែលលោក បៃដិន ដែលបានបោះបង់ចោលការប្រកួតប្រជែងប្រធានាធិបតីរបស់លោក សម្រាប់អាណត្តិទីពីរនៅក្នុងខែកក្កដា បានអញ្ជើញមេដឹកនាំបរទេសទៅកាន់ស្រុកកំណើតរបស់លោក។
មន្ត្រីសេតវិមានបានឲ្យដឹងថា លោក បៃដិន បានជ្រើសរើសកន្លែងឯកជនមួយ ដើម្បីឆ្លុះបញ្ចាំងពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជិតស្និទ្ធដែលលោកបានជំរុញជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃដិន បានឲ្យដឹងថា មេដឹកនាំត្រូវបានកំណត់ “ដើម្បីបង្ហាញពីដៃគូ Quad មានភាពស៊ីសង្វាក់គ្នាជាយុទ្ធសាស្រ្តជាងអ្វីដែលពួកគេធ្លាប់មាន” តាមរយៈគម្រោងដែលកំពុងបន្តនៅក្នុងតំបន់ ដែលរាប់ចាប់ពីសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធដែនសមុទ្រ រហូតដល់ការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។
មន្ត្រីរូបនេះបានបន្ដថា “សំខាន់បំផុតនោះគឺថា Quad នៅទីនេះ ដើម្បីស្នាក់នៅ” ដោយបង្ហាញទំនុកចិត្តថា ការដាក់ជាក្រុមនៃលទ្ធិប្រជាធិបតេយ្យធំៗទាំងបួនក្នុងតំបន់ ចែករំលែកទស្សនៈវិស័យនៃឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហនឹងមានរយៈពេលជាច្រើនឆ្នាំលើសពីការកាន់កាប់របស់លោក បៃដិន៕
ប្រែសម្រួល ឈូក បូរ៉ា