តូក្យូ៖ ប្រភពការទូតមួយបានឲ្យដឹងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប គ្រោងនឹងបង្កើតកិច្ចសន្ទនាថ្នាក់អគ្គនាយក ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិ ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ចំពេលមានការអះអាងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ប្រទេស ចិន។
ក្របខណ្ឌដែលបានរំពឹងទុក គឺជាផ្នែកមួយនៃសេចក្តីព្រាងកិច្ចព្រមព្រៀងភាពជាដៃគូផ្នែកសន្តិសុខ និងការពារជាតិរវាងប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការចរចា ហើយមានគោលបំណងបញ្ចប់នៅចុងឆ្នាំនេះ។
ប្រភពបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel អាចនឹងលើកឡើងពីវឌ្ឍនភាពក្នុងការចរចានៅក្នុងកិច្ចប្រជុំ ដែលបានគ្រោងទុករបស់ពួកគេនៅចុងខែនេះនៅសហរដ្ឋអាមេរិក។
ការលើកកម្ពស់សមយុទ្ធរួមគ្នារវាងកងកម្លាំងស្វ័យការពារជប៉ុន និងកងនាវាចរសហភាពអឺរ៉ុប ការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ និងការសម្របសម្រួលការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងវិស័យការពារជាតិ ក៏ទំនងជាត្រូវបានពិពណ៌នានៅក្នុងសេចក្តីព្រាងឯកសារនេះផងដែរ។
ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដំបូងរបស់ខ្លួននៅឆ្នាំ២០២១ សហភាពអឺរ៉ុប ដែលសមាជិករបស់ពួកគេរួមមានប្រទេសដែលមានទឹកដីនៅក្រៅប្រទេសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា បាននិងកំពុងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់ ដែលទីក្រុងប៉េកាំង បាននិងកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា